
ដើម្បីត្រៀមអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងគោលដៅរក្សាស្ថេរភាពរូបនីយកម្មថ្លៃស្រូវ និងជម្រុញការទិញស្រូវក្នុងប្រទេស នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី ស្ថិតនៅក្នុងស្រុកបាកានខេត្តពោធិ៍សាត់។
ចំពេលតំលៃស្រូវកំពុងធ្លាក់ចុះ ឯកឧត្តម អគ្គនាយក ជម្រុញអោយរោងម៉ាស៊ីននេះ ជួយប្រមូលទិញស្រូវរបស់បងប្អូនកសិករដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដោយធ្វើយ៉ាងណាត្រូវតែជួយបងប្អូនកសិករដែលកំពុងជួបវិបត្តិស្រូវចុះថោកនៅក្នុងកាលៈទេសះនេះ។ សូមបញ្ចាក់ថា រោងម៉ាស៊ីនភូ កុកគី បានប្រមូលទិញស្រូវពីកសិករបាន១ម៉ឺនតោនហើយ។ សមត្ថភាពអាចស្រូបបានចំនួន២ម៉ឺនតោនបន្ថែមទៀត។ ធនាគារអភិវឌ្ឍន៍ជនបទ រីករាយសហការជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវទាំងឡាយណា ដែលមានបំណងជួយដល់កសិករពិតៗ។
បន្ទាប់ពីពិនិត្យរោងម៉ាស៊ីនកិនស្រូវ ភូ កុកគី ឯកឧត្តម អគ្គនាយក បានបន្តដំណើរ ទៅកាន់ខេត្ត បាត់ដំបង និងបានជួបប្រជំុជាមួយលោក ឩកញ៉ា ភូ ពុយ នៅធនាគារស្រូវខេត្តបាត់ដំបង ដើម្បីពិភាក្សារកដំណោះស្រាយរួមគ្នាមួយរវាងធនាគារស្រូវ និងធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការជម្រុញធនាគារស្រូវជួយប្រមូលទិញស្រូវរបស់បងប្អូនប្រជាកសិករដោយសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នេះដែរ បន្ទាប់ពីកិច្ចប្រជំុជាមួយលោក ឩកញ៉ា ភូ ពុយ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី ក៏បានចុះពិនិត្យមើលសង្វាក់ផលិតកម្មរបស់រោងម៉ាសីុនកិនស្រូវ ច្រាយសុន និងពិភាក្សារកដំណោះស្រាយលើការប្រមូលទិញស្រូវពីកសិករដែលកំពុងធ្លាក់តំលៃ ។ ឯកឧត្តម អគ្គនាយក ជម្រុញអោយរោងម៉ាសីុនជួយពន្លឿនការប្រមូលទិញស្រូវពីកសិករដោយក្នុងតំលៃសមស្របពីប្រជាពលរដ្ឋ។