១.តើអតិថិជនមានអាជីវកម្មប្រភេទណាខ្លះ ទើបអាចស្នើសុំឥណទានបាន ?
មជ្ឈមណ្ឌលប្រមូលទិញស្រូវ រោងម៉ាស៊ីនកិនស្រូវ អ្នកប្រមូលទិញស្រូវ ឬអ្នកផ្សេងទៀតដែលមានសមត្ថភាព ប្រមូលទិញស្រូវក្រអូប នាងខុន ឬកសិផលផ្សេងទៀតពីកសិករក្នុងតម្លៃកំណត់ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមការចង្អុលទិសរបស់រាជរដ្ឋាភិបាល។
២.តើអតិថិជនអាចស្នើសុំទំហំឥណទានបានប៉ុន្មាន ? មានរយៈពេលប៉ុន្មានឆ្នាំ ?និងអត្រាការប្រាក់ប៉ុន្មានភាគរយ ?
- ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ ៥០.០០០ ដុល្លារអាមេរិក ដល់ ២០%នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ឬសមមូលជាមួយប្រាក់រៀល។
- ឥណទានរយៈពេលវែង៖ អាចផ្តល់ឥណទានរហូតដល់ ៥.០០០.០០០ ដុល្លារអាមេរិក ឬសមមូលជាមួយប្រាក់រៀល ឬតាមគម្រោង។
- រយៈពេលប្រើប្រាស់ឥណទាន៖
- ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ តិចជាង ឬស្មើ ១ ឆ្នាំ
- ឥណទានរយៈពេលវែង៖ តិចជាង ឬស្មើ ១០ ឆ្នាំ
- អត្រាការប្រាក់ឥណទានរយៈពេលវែង, ឥណទានរយៈពេលខ្លី និងឥណទានវិបារូបរ៍៖ មានអត្រាការប្រាក់ ៥ % ប្រចាំឆ្នាំ ឬសម្រាប់ប្រាក់រៀលបូកបន្ថែម ១ % ប្រចាំឆ្នាំ។
៣. តើខ្ញុំអាចសងប្រាក់តាមរបៀបណាខ្លះ ?
- ការប្រាក់ត្រូវបង់សងប្រចាំខែ
- ប្រាក់ដើមបង់សងនៅពេលដកសន្និធិស្រូវ-អង្ករ ចេញពីឃ្លាំងធានាសន្និធិស្រូវ-អង្ករ ពោត…ឬដល់កាលកំណត់សងប្រាក់ដើម។
៤. តើខ្ញុំត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទើបអាចស្នើសុំឥណទានបាន ?
- ឥណទានជាទុនបង្វិល៖
- ជាម្ចាស់អាជីវកម្ម ទាំងរូបវ័ន្តបុគ្គល ឬនីតិបុគ្គលត្រូវបានចុះបញ្ជី និងទទួលស្គាល់ដោយច្បាប់ ឬបញ្ញាត្តិរបស់ស្ថាប័នអាជ្ញាធរអាណាព្យាបាល។
- សមត្ថភាពស្តុកស្រូវ-អង្ករ និងឡសម្ងួត៖ ឃ្លាំងអាចស្តុកស្រូវបានចំនួនយ៉ាងតិច ៣.០០០ តោន និងមានសមត្ថភាពសម្ងួតស្រូវ-អង្ករបាន ៥០ តោន/ថ្ងៃ។
- មានកេរិ៍្តឈ្មោះល្អ និងប្រកបមុខរបរអាជីវកម្មក្នុងវិស័យស្រូវ-អង្ករបាន ២ឆ្នាំជាប់គ្នា។
- ឥណទានជាទុនវិនិយោគ៖
- មានឯកសារស្តីពីការចុះបញ្ជីក្រុមហ៊ុន/អាជ្ញាប័ណ្ណទទួលបានសិទ្ធិធ្វើពាណិជ្ជកម្ម និងនាំចេញ។
- មានបទពិសោធន៍ក្នុងវិស័យស្រូវ-អង្ករ ឬវិស័យកសិកម្មស្រដៀងនេះយ៉ាងតិចមានរយៈពេល ៥ឆ្នាំ ឬលើសពីនេះ និងភស្តុតាងដែលបានបញ្ជាក់ពីភាពជោគជ័យនៃប្រតិបត្តិការ និងសកម្មភាពនានាពាក់ព័ន្ធកិច្ចសន្យាកសិកម្ម ឬតាមវិធីសាស្រ្តដ៏ទៃទៀត។
- ទំហំដីសាងសង់ និងផែនការពង្រីកម៉ាស៊ីនកិនស្រូវ, ឡសម្ងួត និងឃ្លាំងស្តុក៖ ដីមានទំហំសមស្របសម្រាប់សាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ មានសមត្ថភាពស្តុកបាន ៥០.០០០ តោន, ឡសម្ងួតស្រូវ-អង្ករ អាចសម្ងួតបាន ៥០០-១.០០០ តោន/ថ្ងៃ ដែលមានផ្ទៃដីសាងសង់ចន្លោះពី ៣ ហិកតា ទៅ ៤ ហិកតា ដោយរួមបញ្ចូលទាំងផែនការពង្រីកម៉ាស៊ីនកិនស្រូវ។
៥. តើឥណទាននេះមានលក្ខណៈពិសេសអ្វីខ្លះ ?
- អាចសងប្រាក់ដើមមុនកាលកំណត់បាន ដោយគ្មានការពិន័យ
- រយៈពេលប្រើប្រាស់ឥណទាន ១០ ឆ្នាំ (ឥណទានជាទុនវិនិយោគ)
- មានការអនុគ្រោះបង់សងប្រាក់ដើមរហូតដល់ ៣ឆ្នាំ (ឥណទានជាទុនវិនិយោគ)