Home > Latest News > សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះលេខាលើកិច្ចព្រមព្រៀង រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះលេខាលើកិច្ចព្រមព្រៀង រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្

សេចក្តីប្រកាសព័ត៌មាន
ស្តីពី ពិធីចុះលេខាលើកិច្ចព្រមព្រៀង
រវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីតនិង
ពីធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី

__________________________________

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក) បានទទួលគម្រោងហិរញ្ញប្បទានពិសេសជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប គំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមអ្នកផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យកសិកម្ម ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល។

ក្នុងន័យនេះ ដើម្បីជំរុញឱ្យបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក, នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកម្មវិធីចុះអនុស្សារណៈចំនួនពីរ និងធ្វើសន្និសីទសារព័ត៌មានរួមគ្នារវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងរវាង ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, លោក Manu Rajan អគ្គនាយក នៃធនាគារឯកទេសវីង និងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងក្រុមការងារសរុបចំនួន ៦០នាក់។
ដោយកំណើនអតិថិជនដែលទទួលបានឥណទានពី ធ.អ.ជ.ក. មានកំណើនពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសឥណទានខ្នាតតូច ដែលបានផ្តល់ជូនដល់ប្រជាកសិករនៅជនបទ ដោយអត្រាការប្រាក់ទាប មានចំនួនកាន់តែច្រើន អាស្រ័យហេតុនេះដើម្បីសម្រួលដល់ការបង់ប្រាក់ដើម និងការប្រាក់ របស់អតិថិជនមកកាន់ធនាគារ ឱ្យកាន់តែងាយស្រួលជាងមុន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានព្រមព្រៀងចុះហត្ថលេខា ជាមួយធនាគារឯកទេសវីង ក្នុងគោលបំណងសំខាន់គឺ ៖

-ផ្តល់សេវាទូទាត់អេឡិចត្រូនិចតាមរយៈធនាគារ វីង ដើម្បីសម្រួលឱ្យអតិថិជនរបស់ ធ.អ.ជ.ក. បង់សងប្រាក់ដើម និងការប្រាក់សងត្រឡប់មកធនាគារវិញទាន់ពេល។
-ផ្តល់សុវត្ថិភាព និងភាពរហ័សទាន់ចិត្ត កាត់បន្ថយការចំណាយពេលវេលា ការធ្វើដំណើរ ហូបចុក ស្នាក់នៅរបស់អតិថិជន នៅពេលគាត់ត្រូវមកបង់ប្រាក់ដើម ឬការប្រាក់នៅ ធ.អ.ជ.ក.។
-ជំរុញអតិថិជនរបស់ ធ.អ.ជ.ក. ងាកមកប្រើប្រាស់សេវា Digital Banking ស្របតាមនិន្នាការនយោបាយរបស់រាជរដ្ឋាភិបាល (Digital Economy)។

ទន្ទឹមនេះ បន្ទាប់ពីពិធីចុះលេខាលើកិច្ចព្រមព្រៀងរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដោយ ឯកឧត្តម កៅ ថាច ជាមួយ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត តំណាងដោយលោក Manu Rajan រួចមក ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានរៀបចំកម្មវិធីចុះអនុស្សារណៈយោគយល់គ្នារវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដោយ លោកអគ្គនាយករង ចាន់ សីហា ជាមួយ លោក ឡែម ចាន់សំរេច តំណាងក្រុមហ៊ុន ខេមបូ-ឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី ផងដែរ។
ការចុះអនុស្សារណៈរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និង ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី ក្នុងគោលបំណងដើម្បី៖
-ផ្តល់កិច្ចសហប្រតិបត្តិការជួយផ្តល់ព័ត៌មានពីអ្នកខ្ចីប្រាក់ និងការធានាសងបំណុលជំនួស ម្ចាស់សិប្បកម្ម សហ-គ្រាសធុនតូច និងមធ្យម (SME) ។
-ជួយដល់ SME ដែលខ្វះទ្រព្យធានាបំណុលអាចទទួលបានឥណទានបន្ថែមសម្រាប់ពង្រីកអាជីវកម្ម។
-បង្កើនទំនាក់ទំនង រវាង SME និង តភ្ជាប់តួអង្គ អ្នកផលិត អ្នកកែច្នៃ និងអ្នកប្រមូលទិញ ទៅ ធ.អ.ជ.ក សម្រាប់ជាមូលដ្ឋានវាយតម្លៃលើការផ្តល់ឥណទាន។ ល។

ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកឡើងពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីវិធានការបន្ថែសំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិតដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺនេះ ក្នុងនោះមានកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស ៥០ លានដុល្លារអាមេរិក តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) ដោយពង្រីកវិសាលភាពគ្របដណ្តប់ និង កែសម្រួលលក្ខខណ្ឌឥណទាន ដូចខាងក្រោម ៖
– បន្ថយអត្រាការប្រាក់សម្រាប់កម្ចីទុនបង្វិល (Working Capital) ពី ៦% មក ៥% និង សម្រាប់ទុនវិនិយោគ ពី ៦,៥% មក ៥,៥% ដោយមិនគិតកម្រៃសេវាផ្សេងៗ។
– កែសម្រួលរយៈពេលឥណទានអតិបរមាពី ៥ ឆ្នាំ ទៅ ៧ ឆ្នាំសម្រាប់ទុនវិនិយោគ ខណៈរក្សាទុក រយៈពេលខ្ចី អតិបរមា ២ ឆ្នាំ សម្រាប់ទុនបង្វិល។
– បន្តមិនអនុញ្ញាតឱ្យអតិថិជនដែលទទួលកម្ចីនៅក្នុងកម្មវិធីពិសេសនេះ យកកម្ចីទៅប្រើប្រាស់ធ្វើ បុនហិរញ្ញប្ប-ទាន (Refinancing)។
– ផ្តល់ភាពទន់ភ្លន់លើលក្ខខណ្ឌចុះបញ្ជី ដែលក្នុងនោះ សហគ្រាសធុនតូច និង មធ្យម ដែលមិន ទាន់ចុះបញ្ជីផ្លូវការ អាចដាក់ពាក្យស្នើសុំឥណទានបាន ដោយបំពេញលក្ខខណ្ឌចុះបញ្ជីតាម ក្រោយ ក្នុងរយៈពេល ១ ខែ បន្ទាប់ពីទទួលបានឥណទាន។
– កែសម្រួលលក្ខខណ្ឌតម្រូវឲ្យ “សហគ្រាសធុនតូច និង មធ្យម បង្កើតឱកាសការងារថ្មីចាប់ពី ៥ នាក់ឡើងទៅ” ទៅជា “លើកទឹកចិត្តឲ្យសហគ្រាសធុនតូច និង មធ្យម ដែលទទួលបានឥណទាន ខិតខំបង្កើតឱកាសការងារថ្មី”។

ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឆ្លើយតប និងពន្យល់នូវចម្ងល់ផ្សេងៗរបស់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានដោយផុសផុល និងភាពស្និតស្នាល៕