ARDB TV

ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពី ការប្រើប្រាស់សេវាកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់កៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាង មូលនិធិគន្ធបុប្ផាកម្ពុជា និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

13 ឧសភា 2022

នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ធនាគារ ARDB បានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពី ការប្រើប្រាស់សេវាកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់កៀរគរ និងទទួលវិភាគទានសប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាង មូលនិធិគន្ធបុប្ផាកម្ពុជា និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងឱកាសនៃពិធីចុះអនុស្សរណៈយោគយល់គ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បាន
មានប្រសាសន៍ថា ការចូលរួមក្នុងមូលនិធិគន្ធបុប្ផានេះ គឺស្របតាមចក្ខុវិស័យ និងបេសកកម្មក្នុងការអភិវឌ្ឍសង្គម។ ជាពិសេស ធនាគារ ARDB ជាធនាគាររដ្ឋ ហើយផ្តោតលើការអភិវឌ្ឍសង្គម ដោយផ្តល់ឥណទានទៅក្នុងវិស័យកសិកម្មក្នុងអត្រាការប្រាក់ទាប ដែលមិនផ្តោតលើប្រាក់ចំណេញ។ ជាងនេះទៅទៀត បុគ្គលិកធនាគារ ARDB ទាំងអស់ត្រូវតែមានចក្ខុវិស័យចូលរួមក្នុងការអភិវឌ្ឍសង្គម ដោយមិនត្រូវគិតតែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ជាក់ស្តែង បុគ្គលិកគ្រប់ជាន់ថ្នាក់ នៃធនាគារ ARDB បានចូលរួមបដិភាគថវិកាផ្ទាល់ខ្លួន ក្នុងមូលនិធិគន្ធបុប្ផា តាមរយៈធនាគារ ARDB។
អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើង ដើម្បីបញ្ជាក់ពីឆន្ទៈនៃ ភាគីទាំង២ ក្នុងការសហការ ដើម្បីពង្រឹង និងពង្រីកលទ្ធភាពនៃការប្រមូលវិភាគទានសប្បុរសធម៌ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា សំដៅរួម ចំណែកធានានិរន្តរភាពនៃការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមានប្រសិទ្ធភាព និងមិនគិតថ្លៃដល់កុមារកម្ពុជា។

ព័ត៌មានមុន
ព័ត៌មានបន្ទាប់