ទំព័រដើម គម្រោង គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម

គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម

March 14, 2020 986 ទស្សនា
គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម


រាជរដ្ឋាភិបាលមានគោលបំណងប្រែក្លាយនិងពង្រីកអាជីវកម្មសហគ្រាសធុនតូច និងមធ្យម ឱ្យក្លាយទៅជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផលិតទំនិញឱ្យបានកាន់តែច្រើនមកជំនួសឱ្យការនាំចូល ក៏ដូចជាផ្តល់ការងារដល់ប្រជាពលរដ្ឋបន្ថែមទៀតក្នុងមួយសហគ្រាស និងប្រជាកសិករ ដែលដំាដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ជាដើម។ ក្នុងគោលដៅនេះ និងជាផ្នែកមួយនៃកញ្ចប់វិធានការឆ្លើយតបនឹងវិបត្តិ Covid-19 និង EBA រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារអាមេរិក តាមរយៈធនាគារ ARDB ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបគាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ។

សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម បាននិងកំពុងដើរតួនាទីសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារបន្ថែម និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ហើយក៏មានកំណើនជាបន្តបន្ទាប់ ដែលបានរួមចំណែកយ៉ាងសំខាន់គាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ ដើម្បីធានាលើការជំរុញវិស័យសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ប្រកបដោយនិរន្តភាព និងភាពប្រកួតប្រជែង ដែលទាមទារឱ្យស្ថាប័ន និង/ឬ ផ្នែកដែលពាក់ព័ន្ធ រួមចំណែកបន្តដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ចំពោះមុខ ដូចខាងក្រោម៖

  • កង្វះការផ្គត់ផ្គង់ហិរញ្ញប្បទាន និងផលិតផលហិរញ្ញប្បទានមិនសមស្របនឹងលំហូរសាច់ប្រាក់ក្នុងខ្សែច្រវាក់ផលិតកម្ម
  • ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម មានប្រព័ន្ធសាំញាំ ស្មុគស្មាញ ចំណាយពេលវេលាច្រើន និងជាន់សមត្ថកិច្ច ជាពិសេសត្រូវចំណាយក្រៅផ្លូវការ ដែលជាហេតុបណ្តាលឱ្យម្ចាស់សហគ្រាសទាំងនោះ បង្ខំចិត្តនៅក្រៅផ្លូវការ
  • កង្វះខាតការតភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មរវាងអ្នកផលិត អ្នកកែច្នៃ និងអ្នកប្រមូលទិញដើម្បីចែកចាយបន្ត
  • ការចំណាយថ្លៃដើមផលិតខ្ពស់ (ការដឹកជញ្ជូន អគ្គិសនី វត្ថុធាតុដើម)
  • ការផលិតមានលក្ខណៈរាយប៉ាយគ្មានការប្រមូលផ្តុំ
  • អ្នកផលិតត្រូវការការទូទាត់សាច់ប្រាក់រហ័សសម្រាប់ផលិតបន្ត
  • បច្ចេកទេស ការទុកដាក់ និងការរក្សាទុកមុននិងក្រោយការប្រមូលផល ការរចនាសោភ័ណទំនិញ រួមទាំងការវេចខ្ចប់មិនទាន់មានភាពទាក់ទាញអ្នកទិញ
  • ភាពប្រកួតប្រជែងរវាងផលិតផលក្នុងស្រុក ដែលមិនទាន់មានលក្ខណៈឧស្សាហកម្ម និងមានតម្លៃថ្លៃ ធៀបនឹងផលិតផលនាំចូលដែលមានតម្លៃថោកជាង និងមានលក្ខណៈឧស្សាហកម្ម
  • កង្វះខាតនូវសហគ្រិនភាព និងសមត្ថភាពគ្រប់គ្រងនៅមានកម្រិត
  • អ្នកប្រើប្រាស់នៅមានផ្នត់គំនិត “និយមទំនិញបរទេស” ជាងទំនិញក្នុងស្រុក។

គោលបំណងនៃគម្រោងហិរញ្ញប្បទាន

  • រួមចំណែកលើកកម្ពស់ការអភិវឌ្ឍ និងការពង្រីកអាជីវកម្មសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ដែលមានស្រាប់ សហគមន៍កសិកម្ម ក្រុមអ្នកផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យមធំ ស្ថិតក្នុងខ្សែច្រវាក់ផលិតកម្ម ដែលពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម សម្រាប់បម្រើសេចក្តីត្រូវការក្នុងស្រុក និងការនាំចេញប្រកបដោយគុណភាពស្របតាមស្តង់ដារទីផ្សារ
  • លើកកម្ពស់វិស័យកែច្នៃចំណីអាហារ ដែលមានប្រភពពីផលិតផលកសិកម្ម
  • បង្កើត និងពង្រីកទីផ្សារលក់កសិផលរបស់ប្រជាកសិករ
  • រួមចំណែកបង្កើតការងារបន្ថែម និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ធានានូវសន្តិសុខស្បៀង និងបង្កើនការនាំចេញកសិផល ក្នុងគោលដៅរក្សានិរន្តភាពនៃកំណើនសេដ្ឋកិច្ចជាតិ
  • លើកកម្ពស់សុខុមាលភាពសាធារណៈ តាមរយៈការប្រើប្រាស់បន្លែផ្លែឈើ សាច់ ចំណីអាហារ ដែលមានសុវត្ថិភាព និងផលិតផលកែច្នៃក្នុងស្រុក
  • ជំរុញយន្តការតភ្ជាប់រវាងកសិករ ដែលជាអ្នកផលិត អ្នកកែច្នៃ និងទីផ្សារប្រកបដោយនិរន្តភាព។

ការិយាល័យទំនាក់ទំនង
023 220 810 | 023 220 811
(Fax) : 023 224 628
#៩-១៣, ផ្លូវលេខ ៧ សង្កាត់ ចតុមុខ ភ្នំពេញ
Enjoy install App on :

ARDB Bank Official facebook page

អ្នកទស្សនា Online : 1 Active