ទំព័រដើម គម្រោង គម្រោង ”កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ” ដើម្បីគោលដៅអន្តរាគមន៍ទីផ្សារលើយន្តការការប្រមូលទិញស្រូវ, ពោត ឬកសិផលផ្សេងទៀត

គម្រោង ”កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ” ដើម្បីគោលដៅអន្តរាគមន៍ទីផ្សារលើយន្តការការប្រមូលទិញស្រូវ, ពោត ឬកសិផលផ្សេងទៀត

ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខ ដែលតម្លៃស្រូវក្រអូបបានចុះថ្លៃក្នុងខែកញ្ញា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លំាងចំពោះការព្រួយបារម្ភនិងការលំបាករបស់កសិករ ដែលរងផលប៉ះពាល់យ៉ាងខ្លំាង។ ក្នុងន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ចេញនូវ “កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល” ដែលមានកញ្ចប់ថវិកាពិសេសសរុប ចំនួន៥០លានដុល្លារអាមេរិក ក្នុងនោះរួមចំណែកពីកញ្ចប់ថវិកាជាតិចំនួន ៤៣ លានដុលារអាមេរិក និងមូលនិធិផ្ទាល់របស់ អេ អ ឌី ប៊ី ចំនួន ៧ លានដុល្លារអាមេរិក ដើម្បីជាឥណទានកាតាលីករជួយជំរុញស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដោយអនុញ្ញាតឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាប្រតិបត្តិករអនុវត្តគម្រោងនេះដោយផ្ទាល់។ កម្មវិធីពិសេសនេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន។ តាមរយៈនេះ ជាការឆ្លើយតបចំពោះការធ្លាក់ថ្លៃកន្លងមក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មនិងសេដ្ឋកិច្ចជនបទ បានបន្តបេសកកម្មចម្បងរបស់ខ្លួនក្នុងការជំរុញ និងពង្រីកសកម្មភាពផ្តល់ឥណទានដល់គ្រប់់តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករ ដែលជាការតភ្ជាប់ទីផ្សាររវាងកសិករ ដែលជាអ្នកផលិត និងអ្នកទទួលទិញ ដោយបានបង្កើតនូវស្ថានភាពមួយល្អប្រសើរសម្រាប់ស្ថិរភាពតម្លៃស្រូវរបស់ប្រជាកសិករ។

តាមរយៈកញ្ចប់ថវិកានេះ ក្នុងគោលបំណងគាំទ្រកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ឥណទានទុនបង្វិលបន្ថែមដល់អតិថិជនគោលដៅ សម្រាប់ប្រមូលទិញស្រូវក្រអូប នាងខុន ពោត ឬកសិផលផ្សេងទៀត ក្នុងគោលដៅរក្សាស្ថេរភាពវូបនីយកម្មថ្លៃកសិផលក្នុងប្រទេស និងបង្កើនបរិមាណសន្និធិផ្គត់ផ្គង់ដល់ការកែច្នៃប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាប្រតិបត្តិករ បានធ្វើការផ្តល់ឥណទានជាទុនបង្វិល ដោយទទួលយកសន្និធិស្រូវអង្ករ និង/ឬលិខិតធានាសងបំណុលពីភាគីអ្នកទិញជាវត្ថុធានាបំណុលដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ដើម្បីធ្វើការប្រមូលទិញស្រូវសែនក្រអូប និងស្រូវម្លិះ-រំដួល ពីប្រជាកសិករតាមតម្លៃសមរម្យ និងរក្សាបាននូវស្ថិរភាពថ្លៃស្រូវជូនប្រជាកសិករ។

ចែករំលែក