8 September 2025

ពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ ក្នុងនាមធនាគារអភិវឌ្ឍន៍ និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 25th China International Fair for Investment and Trade – CIFIT)។​ ជាមួយគ្នានេះ មហាកិត្តិយសបំផុតដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងព្រះរាជាណាចក្រកម្ពុជាចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ CIFIT ដែលរៀបចំដោយមជ្ឈមណ្ឌលជំរុញការវិនិយោគអន្តរជាតិរបស់ប្រទេសចិន(China International Investment Promotion Centre) និងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងអភិវឌ្ឍន៍(United Nations Trade and Development -UNCTAD) នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រុងសៀមិន (Xiamen) ខេត្ដហ្វូជៀន (Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍ព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះមានគោលបំណងបង្កើតជាថ្នាលសម្រាប់ការលើកម្ពស់ការវិនិយោគទៅវិញទៅមក, ការចែករំលែកព័ត៌មានវិនិយោគសំខាន់ៗ និងកិច្ចពិភាក្សាអំពីនិន្នាការវិនិយោគក្នុងតំបន់ និងសកល ។ លើពីនេះទៀត អំពីតួនាទីយ៉ាងសំខាន់នៃធនាគារអភិវិដ្ឍន៍ (​Development Bank) ជាពិសេស សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក, សមាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន, សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ដែលរួមចំណែកជំរុញហិរញ្ញប្បទានបៃតង និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាពតារយៈ​ការវិនិយោគសម្រាប់អនាគត។
ព្រឹត្តិការណ៍ព័រណ៍អន្តរជាតិនេះ មានការចូលរួមចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំសំខាន់ៗតំណាងរដ្ឋាភិបាល ឥស្សរជនជាន់ខ្ពស់ ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សភាពាណិជ្ជកម្ម, សាជី-វកម្មចម្រុះជាតិសាសន៍ (Multinational Corporations), និងស្ថាប័នផ្សេងទៀត មកពីប្រមាណជា ១០០ ប្រទេសជុំវិញសលកលោក ដែលការណ៍នេះបង្ហាញអំពីសារៈសំខាន់នៃកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងតំបន់ តាមរយៈការលើកកម្ពស់ឱកាសវិនិយោគ និងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញកំណើនស្របតាមការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs)៕