27 November 2025

ដំណើរទស្សនកិច្ចរបស់ធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន ADBC នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការស្របតាម MOU ដែលធនាគារទាំងពីរបានព្រមព្រៀងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥

ដំណើរទស្សនកិច្ចរបស់ធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន ADBC នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការស្របតាម MOU ដែលធនាគារទាំងពីរបានព្រមព្រៀងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
ធនាគារ ADBC បានមកបំពេញទស្សនកិច្ចសិក្សានៅធនាគារ ARDB រយៈពេល៣ ថ្ងៃ គឺថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែវិចិ្ឆកា ឆ្នាំ២០២៥ ដោយផ្ដោតសំខាន់លើការចែករំលែកបទពិសោធ លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតង សេវាប្រតិបត្តិការធនាគារ និងការសិក្សាស្រាវជ្រាវ។ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ឯកឧត្ដម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំសហការីមកពីនាយកដ្ឋានពាក់ព័ន្ធ ដើម្បីចែករំលែកនូវបទពិសោធមួយចំនួនទាក់ទងនឹងប្រតិបត្តិការរបស់ធនាគារតាមរយៈ ការធ្វើបទបង្ហាញពីធនាគារ ARDB, ហិរញ្ញប្បទានបៃតងនៅកម្ពុជា, យន្តការនិងផលិតផលឥណទាន, សេវាប្រតិបត្តិការធនាគារ, ការស្វែងយល់ពីមុខងារនិងការងាររបស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM Center) និងមជ្ឈមណ្ឌលឧត្ដមភាពសម្រាប់សិក្សាស្រាវជ្រាវពីហិញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទអាស៊ី-ប៉ាស៊ីហ្វិក (ARDB ACE- GFA Center) ជូនដល់គណៈប្រតិភូធនាគារ ADBC ដែលដឹកនាំដោយលោក LIU Junbiao ប្រធានការិយាល័យនៃនាយកដ្ឋានស្តារជនបទ និងសហការី។
ទន្ទឹមនេះ ឯកឧត្តម បាន លឹម បានជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (ADBC) ទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រតិបត្តិការធនាគារ ARDB សាខាដូនពេញ ព្រមទាំងចុះជួបជាមួយអតិថិជនរបស់ធនាគាររួមមាន កសិដ្ឋានប្រសិទ្ធិ និងក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ផងដែរ ។