19 January 2026

ឯកឧត្ដមបណ្ឌិត កៅ ថាច បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ARDB អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាព កាលថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ ដែលបានតម្កល់ធ្វើបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តបទុមវត្តីរាជវរារាម ក្នុងរាជធានី​ភ្នំពេញ។
ក្នុងវេលាប្រកបដោយមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព ដោយសេចក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឌី សានឿន និងសូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត ព្រមទាំងក្រុមគ្រួសារនៃសពទាំងអស់ ដែលបាន​បាត់បង់​អ្នកម្តាយ អ្នកម្តាយក្មេក ជីដូន ជាទីស្រឡាញ់ ប្រកបដោយគុណធម៌ ហើយក៏ជា​ការបាត់បង់​នូវ​ធនធាន​មនុស្សមួយរូបប្រកបដោយសក្តានុពលសម្រាប់សង្គមជាតិផងដែរ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ​អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕