ណាននីង, ចិន៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាពីគម្រោង “Green Project” របស់ក្រុមហ៊ុន Nanning Rail Transit (NNRT) និងគម្រោងកសិកម្មឆ្លាតវៃ “Smart Agriculture” របស់ក្រុមហ៊ុន Guangxi Yunjing Digital Technology Co., Ltd នៅសាធារណរដ្ឋប្រជាមានិតចិន។
គោលបំណងសំខាន់នៃទស្សនកិច្ច៖
– ការដឹកជញ្ជូនកសិផលដោយមធ្យោបាយដឹកជ្ជូនបៃតង៖ សិក្សាពីការប្រើប្រាស់ម៉ូតូ និងរថយន្តអគ្គិសនី (EV) ក្នុងការដឹកជញ្ជូនកសិផល ដើម្បីកាត់បន្ថយចំណាយ និងមិនផលប៉ះពាល់ដល់បរិស្ថាន។
– ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃបៃតងក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ស្របតាមគោលការណ៍អភិវឌ្ឍន៍ដោយចីរភាពនិងបៃតង។
– ការគ្រប់គ្រងកសិកម្មតាមបែបវៃឆ្លាត “Smart Agriculture / Agri-Tech”
អំពីគម្រោងហិរញ្ញប្បទានបៃតង (Green Finance) របស់ ARDB
ធនាគារ ARDB កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចបៃតង តាមរយៈ៖
១. ដៃគូរយុទ្ធសាស្ត្រជាមួយ Green Climate Fund៖ ARDB គឺជាធនាគារតែមួយគត់នៅកម្ពុជា ដែលទទួលបានមូលនិធិពី Green Climate Fund (GCF)ដេីម្បីផ្តល់ឥណទានបៃតងទៅអាជីវកម្មបៃតង និងកសិកម្មប្រកបដោយចីរភាព(sustainable agriculture)
២. ការផ្តល់ឥណទានបៃតង៖ ផ្តល់កម្ចីដែលមានអត្រាការប្រាក់សម្បទាន ដល់កសិករ និងសហគ្រាសកសិកម្មបៃតងដែលអនុវត្តគម្រោង ដូចជា៖
– ការប្រើប្រាស់ថាមពលដើរដោយពន្លឺព្រះអាទិត្យ (Solar Energy)។
– ការវិនិយោគលើ មធ្យោបាយដឹកជញ្ជូនដែលប្រេីប្រាស់ឋាមពលបៃតង។
– ការកសាងហេដ្ឋារចនាសម្ព័ន្ធកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(greenhouse gas emission)
លោកបណ្ឌិតលេីកឡេីងថា “ការវិនិយោបៃតង មិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងក្នុងរយៈមធ្យម និងវែង និងការធ្វេីកសិកម្មប្រកបដោយចីរភាព។ “


















