27 វិច្ឆិកា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ «នៅពេល​សហគ្រិន ផ្តល់ប្រាក់​ឈ្នួលសមរម្យ និងការពារបរិស្ថាន សហគ្រិន កំពុងកសាងមូលដ្ឋាន​គ្រឹះនៃសង្គមដ៏ត្រឹមត្រូវ និងចីរភាព។» និងបានណែនាំអោយសហគ្រិនត្រៀមខ្លួនចូលរួមអភិវឌ្ឍ​ «សេដ្ឋកិច្ចចំណេះដឹង​ និងសេដ្ឋកិច្ចបៃតង»​ដែលកំពុងមកដល់​ និងឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជា សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាលនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចាត់ទុកថា សហគ្រិនមានតួនាទីសំខាន់លើសពីម្ចាស់អាជីវកម្មដែលមានន័យថាសហគ្រិន គឺជាអ្នកកសាងភាពធន់ អ្នកបង្កើតដំណោះស្រាយសម្រាប់បញ្ហានានា និងជាអ្នកជំរុញវឌ្ឍនភាពមូលធនមនុស្ស។
ប្រសាសន៍លើកឡើងដូច្នោះ របស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺក្នុងឱកាស អញ្ជើញបើកសិក្ខាសាលា និងធ្វើជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគតចែកជូនដល់ផែនសហគ្រិនវ័យក្មេងរបស់គណបក្សមកពីខេត្តពោធិ៍សាត់ ដែលរៀបចំឡើងនៅសណ្ឋាគារពោធិ៍សាត់រីវើសាយ។
នៅក្នុងកម្មវិធីសិក្ខាសិលានោះ គឺក្រោមវត្តមានជាអធិបតីភាព ពីសំណាក់ ឯកឧត្តម ម៉ៅ សាន សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក នាង ពុទ្ធារ៉ា អនុប្រធាននាយកដ្ឋានប្រតិបត្តិការ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងម្ពុជា ក្នុងនោះរួមមានសមាជិកផែនសហគ្រិនវ័យក្មេងរបស់គណបក្សមកពីខេត្តពោធិ៍សាត់ សរុបប្រមាណ ២០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់សមាគមសហគ្រិនវ័យក្មេង ព្រមទាំង យុវជនគណបក្សថ្នាក់កណ្តាលផ្នែកសហគ្រិនវ័យក្មេង ដែលបានខិតខំអស់ពីកម្លំាងកាយចិត្ត ក្នុងការរៀចំកម្មវិធីនេះឡើង។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាន៍ថា «ការរៀបចំវេទិកាសម្រាប់កិច្ចពិភាក្សាក្នុងការតៀមខ្លួនសម្រាប់អាជីវកម្មថ្មីគឺ ចំពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃវិស័យសហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គម-សេដ្ឋកិច្ច ការបង្កើតឱកាសការងារថ្មី និងការជះឥទ្ធិពលវិជ្ជមានដល់ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា»។
ក្នុងឱកាសនោះសិក្ខាសិលានោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានរំលឹកពីប្រវត្តិសាស្រ្តកម្ពុជាសម័យអាណាចក្រអង្គរ និងក្រោយសម័យអង្គរដែលបន្តមានការប្រែប្រួលរហូតដល់បច្ចុប្បន្ននេះ ជុំវិញដំណើរវិវត្តលើវិ័យកសិកម្ម និងម៉ូឌែលអាជីវកម្មរបស់ខ្មែរសម័យទំនើប និងអនាគតកម្ពុជាដែលនឹងវិវត្តទៅជាសេដ្ឋកិច្ចមូលធនចំណេះដឹង និងសេដ្ឋកិច្ចបៃតងផងដែរ។
បន្ថែមពីនេះឯកឧត្តមបណ្ឌិតប្រតិភូក៏បានផ្តល់ជាអនុសាសន៍មួយចំនួនសម្រាប់សហគ្រិនថា”​ ម៉ូឌែលអាជីវកម្មនាពេលបច្ចុប្បន្ននេះ កំពុងផ្លាស់ប្តូរយ៉ាងលឿនបើធៀបនឹងពេលមុនៗ។ ម៉ូឌែលអាជីវកម្មបែបប្រពៃណី (Traditional Model) ដែល​សំដៅដល់ការទិញ-លក់ និងផលិត កំពុងវិវត្តយ៉ាងលឿនទៅរក ម៉ូឌែលអាជីវកម្មដែលមាន ថាមវន្ត (Dynamic) ឌីជីថល (Digital) និងចីរភាព (Sustainable) ជាងមុន។ ជាក់ស្តែង ម៉ូឌែលថ្នាលអាជីវកម្ម (Platform Model) បានតភ្ជាប់ទំនាក់ទំនងពីមនុស្សម្នាក់ទៅមនុស្ស​ម្នាក់ មិនត្រឹមតែផលិតផលប៉ុណ្ណោះទេ។ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចចក្រា បានប្រែក្លាយកាក​សំណល់ ទៅជារបស់មានតម្លៃ។ អាជីវកម្មដែលប្រើប្រាស់ឌីជីថល និង AI បានផ្តល់អំណាចប្រកួតប្រជែងបន្ថែមដល់សហគ្រាសខ្នាតតូច និងមធ្យម។ សហគ្រាសសង្គម (Social Enter-​prise) បានកំណត់នូវទិសដៅនៃការរួមបញ្ចូលគ្នានៃផលចំណេញហិរញ្ញវត្ថុ និងផលចំណេញ​សង្គម”
សហគ្រិនទាំង​អស់គ្នា អាចនឹងមានពេលខ្លះធ្លាប់ប្រឈមមុខនឹងការបរាជ័យ ដែលធ្វើឱ្យបាត់បង់ធនធានហិរញ្ញ​វត្ថុ និងបាត់ទំនុកចិត្តលើខ្លួនឯង។ ប៉ុន្តែ​ត្រូវ​ចងចាំ​ថា រាល់​ជោគជ័យ​ទាំងអស់ ​គឺ​កើតចេញពី​ការ​តស៊ូ។ បរាជ័យ គឺជាផ្នែកមួយនៃភាពជោគជ័យ ហើយភាពជោគជ័យនោះហេីយដែលនឹងបន្សល់ជាកេរ្តិ៍មរតក​សម្រាប់អ្នកជំនាន់ក្រោយ។