7 February 2026

ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សននិងអត្ថន័យ ខ្មែរ ត្រូវតែខ្លាំង ក្នុងយុទ្ធនាការខ្មែរត្រូវតែខ្លាំង

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងចែករំលែកទស្សននិងអត្ថន័យ ខ្មែរ ត្រូវតែខ្លាំង ក្នុងសិក្ខាសាលា យុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៉ីអូ ដោយមានការចូលរួមពីម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នអប់រំ ប្រមាណជា ៥០០ រូប។ ក្នុងឱកាសនៃយុទ្ធនាការ ខ្មែរត្រូវតែខ្លាំងនេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បាន ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពី កត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ឲ្យមានប្រសិទ្ធភាពខ្ពស់ ពីគ្រប់តួអង្គ និងវិស័យ ពិសេសការចូលរួមធ្វើការរួមគ្នាពីវិស័យឯកជន។ បន្ថែមពីនេះ, ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ រួមបញ្ចូលទាំង ជំនាញទន់ ជំនាញរឹង សីលធម៌ គុណធម៌ និងចរិយាធម៌ ក៏ជាកត្តាមិនអាចខ្វះបានក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សំដៅជម្រុញឱ្យប្រជាជាតិខ្មែរខ្លាំង។ សិក្ខាសាលានេះ ផងដែរ ត្រូវបានរៀបចំឡើងនាថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា (Royal Academy of Cambodia)។