9 March 2026

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ សីហា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយមានការចូលរួមដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកស្ត្រីសរុបចំនួន ១១៨ រូប។
ធនាគារ ARDB បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីនៅក្នុងពិភពលោកក្នុងការទាមទារឱ្យទទួលបានសិទ្ធិស្មើភាពគ្នារវាងស្ត្រីនិងបុរស និង បង្ហាញអំពីការយកចិត្តទុកដាក់របស់ធនាគារក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងស្ថាប័ន។
ធនាគារ ARDB នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងបរិយាកាសការងារប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងផ្តល់តម្លៃខ្ពស់ដល់ស្ត្រីគ្រប់រូប។