20 November 2025

ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល” ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

តបតាមការអញ្ជើញរបស់អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីពិភាក្សាតុមូល ស្តីពី “កិច្ចអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផល”។
ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត បានធ្វើបច្ចុប្បន្នភាព និងស្ថានភាពនៃការប្រមូលផលស្រូវកម្ពុជា ដោយឯកឧត្តមបណ្ឌិត បានបញ្ជាក់ថាកម្ពុជាក្នុងឆ្នាំ២០២៥នេះ អាចនឹងទទួលបានទិន្នផលស្រូវសរុបប្រមាណជា ១៤,៧ លានតោន និងការនាំចេញ អាចនឹងឈានដល់ប្រមាណជា ៨០ ម៉ឺនតោន និងស្ថានភាពថ្លៃស្រូវ ហាក់មានកំណើនឡើងវិញបន្តិច ពិសេសស្រូវផ្ការំដួលនិងស្រូវស្រង៉ែ។
បន្ថែមពីការធ្វើបច្ចុប្បន្នភាពការប្រមូលផលស្រូវ, ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់អំពីការចូលរួមរបស់ធនាគារ ARDB និងភាគីពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ថ្មីៗនេះ ធនាគារ ARDB បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យប្រើប្រើប្រាស់នូវមូលនិធិបន្ថែម ៤០ លានដុល្លារអាម៉េរិក ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមរយៈម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ ក្នុងតម្លៃសមស្រប និងអំពាវនាវឱ្យម្ចាស់រោងម៉ាស៊ីកិនកែច្នៃអង្ករ បន្តស្រូបទិញស្រូវពីប្រជាកសិករឱ្យអស់លទ្ធភាព។