26 March 2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦”

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកម្មវិធី “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤” ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
កម្មវិធីនេះរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ,អង្គទូត, ស្ថាប័នជាតិ, វិស័យឯកជន, វិនិយោគិន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ។
ការប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ អមដោយព្រឹត្តិការណ៍ពិសេសនានា ប្រកបដោយគុណតម្លៃ គឺជាការបញ្ជាក់អំពីការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ និងជំរុញនវានុវត្តន៍ជាតិ។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នេះ ជាសក្ខីកម្មនៃការអនុវត្តអភិក្រម ជីវភាព នៃប្រព័ន្ធតួអង្គតែមួយដែលទាមទារឱ្យក្រសួងស្ថាប័នរដ្ឋគ្រប់កម្រិត វិស័យឯកជន ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋ ធ្វើការជាមួយគ្នាប្រកបដោយសហថាមពល។ ជាក់ស្តែងទិវាជាតិនេះបានប្រមូលផ្តុំសិស្ស-និស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ នវានុវត្តករ មន្ត្រីរាជការ ដៃគូអភិវឌ្ឍ ក្រុមហ៊ុន សហគ្រាសក្នុងវិស័យឯកជន និងអ្នកពាក់ព័ន្ធមក ចូលរួមក្នុងពិព័រណ៍ ការប្រកួតប្រជែង វេទិកាពិភាក្សា និងសកម្មភាពជាច្រើនទៀត ដើម្បីបង្ហាញពីទេពកោសល្យ និងនវានុវត្តន៍របស់កម្ពុជា។