23 តុលា 2025

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមធ្វើជាវាគ្មិន ក្នុងកម្មវិធី ADFIAP-AADFI Joint International CEO Forum 2025

ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នារសៀល ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើជាវាគ្មិនក្នុងប្រធានបទស្តីពី “ក្រុមសិក្សាស្រាវជ្រាវពិសេស – Special Interest Groups”។ ក្នុងកិច្ចពិភាក្សានេះ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើបទបង្ហាញអំពីផែនការសិក្សាស្រាវជ្រាវចំនួន ពីរ រួមមាន៖ Special Interest Group in Sustainable Finance និង Special Interest Group in Agriculture and Food Security។ ក្រុមសិក្សាស្រាវជ្រាវពិសេស – Special Interest Groups គឺជាគំនិតផ្តួចផ្តើមថ្មីមួយដែលបានបង្កើតឡើងដោយ ឯកឧត្តមបណ្ឌិត កៅ ថាច និងទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាលនៃ ADFIAP ដែលការសិក្សាស្រាវជ្រាវពិសេសនេះ មានគោលដៅបង្កើតជាការស្រាវជ្រាវកម្រិតតំបន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់នានា តាមរយៈការផ្តល់អនុសាសន៍ជាគោលនយោបាយ និងឧត្តមានុវត្តន៍តាមបណ្តាប្រទេសក្នុងតំបន់។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមក្នុងក្រុមសិក្សាស្រាវជ្រាវពិសេស តាមរយៈការដើរតួនាទីសម្របសម្រួលការសិក្សាស្រាវជ្រាវជារួម (បង្កើតឱ្យមាន Focal Team) និងចូលរួមមូលធនមនុស្សដែលជាសមាជិកនៃ ក្រុមការងារស្រាវជ្រាវរបស់ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល (APM Research Center) និងក្រុមការងារនៃមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ីប៉ាស៊ីហ្វិក (ACE-GFA) នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។