12 វិច្ឆិកា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចែករំលែកនូវទស្សនទានគន្លឹះសំខាន់ៗចំនួន៥ ដល់ម្ចាស់អាជីវកម្មជាសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ

ក្រុងព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណ បក្សថ្នាក់កណ្តាលនៅព្រឹកថ្ងៃទី១២ខែវិច្ឆកា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមចែករំលែក ដោយផ្តល់ទស្សនទានគន្លឹះសំខាន់ៗចំនួន៥ដល់ម្ចាស់អាជីវកម្មជាយុវជនផ្នែកផែនសហគ្រិនវ័យក្មេងនៅខេត្តព្រះសីហនុ តាមរយៈ សិក្ខាសាលាស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត។
សម្រាប់សិក្ខាសាលានេះ គឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មា ធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ,ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងសាខាខេត្តព្រះសីហនុ ដែលមានអ្នកចូលរួម សរុបចំនួន ១៦៧នាក់។
ចំពោះអត្ថន័យនៃការវិនិយោគសម្រាប់អនាគត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចែករំលែកនូវទស្សនទានចំនួន៥:គឺ ការវិនិយោគលើមូលធនមនុស្សសំដៅដល់ការអប់រំនិងបណ្តុះ បណ្តាលវិជ្ជាជីវៈនិងការអភិវឌ្ឍជំនាញសម្រាប់យុវជន,នវានុវត្តន៍កសិកម្មសំដៅដល់ ការវិយោគទៅលើបច្ចេកវិទ្យាកសិកម្មថ្មីៗ (Agri-Tech) ដូចជា បច្ចេកវិទ្យាឌ្រូន សម្រាប់ការបាញ់ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត និងថ្នាលទិន្នន័យពាក់ព័ន្ធនឹងវិស័យកសិកម្ម (Data Platform for Agriculture)ក៏អាចជាអាជីកម្មសម្រាប់អនាគតមួយដ៏ល្អ ផងដែរ ដូចជា APP ទិន្នន័យសម្រាប់ ព្យាបាលជំងឺសត្វ ឬដំណាំនានាជាដើម។
លើសពីនេះ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា សំដៅដល់ការវិនិយោគលើការតភ្ជាប់ផ្នែកឌីជីថល និងថាមពលកកើតឡើងវិញដូចជា ការវិនិយោគបច្ចេកវិទ្យាថ្មីៗដោយប្រើប្រាស់ជំនួយពី AI (Artificial Intelligence) និង E-Commerce, ចីរភាពបរិស្ថាន សំដៅដល់ការវិនិយោគវិស័យបៃតង, កសិកម្មបែបធម្មជាតិ,ការរក្សាធនធានទឹក និងការប្រើប្រាស់ឡើងវិញ,និងការកាត់ បន្ថយហានិភ័យនៃការប្រែប្រួលអាកាស ធាតុជាដើម។
ការកសាងសមត្ថភាពស្ថាប័នគឺ សំដៅដល់ការវិនិយោគលើប្រព័ន្ធប្រព័ន្ធអភិបាលកិច្ចសាជីវកម្មល្អ និងការកសាងភាពជាដៃគូ និងការកសាងទំនុកចិត្តនិងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្នរបស់អាជីវកម្ម។
មុននឹងបញ្ចប់បទបង្ហាញក្នុងកម្មវិធីជជែកពិភាក្សាស្តីពីការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជានិងពិភពលោក ជាពិសេស ការប្រកួតប្រជែងគ្នាផ្នែកពាណិជ្ជកម្មរវាងមហាអំណាចចិននិងអាមេរិករួចមកឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ “សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួមចំណែក ក្នុងការកសាងជាតិយើង” ហើយគ្រប់គ្នាត្រូវតែមានមោទនភាពទាំងអស់គ្នាដែលជាម្ចាស់អាជីវកម្មក្នុងស្រុក។
សូមរំលឹកថា សិក្ខាសាលាស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥លើទឹកដីក្រុងព្រះសីហនុ នេះគឺ រៀបចំឡើងដោយ យុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្តទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេង ដែលជាបណ្តាញរបស់ គណបក្សមកពីខេត្តព្រះសីហនុផងដែរ។