រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB រួមទាំងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាង ធនាគារចិន (ហុងកុង) សាខាភ្នំពេញ។
កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញឱ្យមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងធនាគារទាំងពីរ ដែលផ្តោតសំខាន់លើការផ្សារភ្ជាប់យន្តការផ្លាស់ប្តូររូបិយប័ណ្ណផ្ទាល់រវាងប្រាក់ដុល្លារអាម៉េរិក (USD) និងប្រាក់យ៉ន់ចិន (RMB) ក្នុងការទូទាត់ និងរាល់ប្រតិបត្តិការហិរញ្ញវត្ថុ សំដៅជំរុញកំណើនលំហូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន។










