ខេត្តកែប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាល អធិការនគរបាល កងរាជអាវុធហត្ថ ក្រុង/ស្រុក ការិយាល័យជំនាញ មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ ព្រមទាំងប្រជាកសិករក្រុងកែប និងស្រុកដំណាក់ចង្អើរ ប្រមាណ២០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់កសិករមកពីតាមបណ្តាសង្កាត់ដែលស្ថិតនៅក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ គួរគិតគូរពិចារណា ចងក្រងជាក្រុមនៅក្នុងការធ្វើមុខរបរកសិកម្ម និងគិតគូរឳ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជាមុខរបរ និងទទួលបានផលចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ដោយបញ្ហាដែលប្រជាកសិករតែងតែជួបប្រទះនោះមាន ៣ សំខាន់គឺ៖ (១) បញ្ហារឿងទុនសម្រាប់ធ្វើឬផលិតផលកសិកម្ម (២) បញ្ហាបច្ចេកទេសក្នុងការផលិត ដែលរួមមានការប្រើប្រាស់ជី ថ្នាំ ឬបច្ចេកទេសសម្រាប់ការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដោយបញ្ហានេះត្រូវកំណត់ជាមុននៅផលិតផលដែលមានទីផ្សារមុននឹងសម្រេចចិត្តបង្កបង្កើនផល និង(៣)នោះគឺ បញ្ហាថ្លៃដើមសម្រាប់ផលិត ដែលថ្លៃដើមផលិតនេះគឺជាការកំណត់នៅការខាត ឬចំណេញរបស់កសិករ នៅក្នុងការធ្វើកសិកម្ម។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសម្លេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ។




















