រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់ ៥ បានចូលរួមប្រជុំជាមួយសមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដើម្បីពិភាក្សាអំពី វឌ្ឍនភាពការងាររបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ស្របតាមមុខងារភារកិច្ច បញ្ហាប្រឈម និងនៃដំណោះស្រាយ ជាពិសេស ការជំរុញការនាំចេញកសិផល និងផលិតផលខ្មែរ ចូលទៅកាន់ទីផ្សារនូវែលហ្សេឡង់។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតប្រតិភូបានស្នើឱ្យ សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ ចេះសហការគ្នាដោះស្រាយបញ្ហា និងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត គឹម សន្តិភាព បានលើកឡើងថា ភាពជោគជ័យលើការងារជំរុញពាណិជ្ជកម្មនេះ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ផ្អែកលើការប្រឹងប្រែងរបស់សមាជិកនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់។ ឯកឧត្ដមបណ្ឌិតបានផ្តល់អនុសាសន៍ថា ការបំពេញការងារត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលត្រូវមានការដឹកនាំច្បាស់លាស់ រួមមាន សិល្បៈនៃការដោះស្រាយបញ្ហា ការទំនាក់ទំនង ការពិគ្រោះយោបល់ និងការកសាងផែនការសកម្មភាពសម្រាប់ស្ថាប័ន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធ Zoom។






