ARDB TV

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាលជាមួយសមាជិកសហគមន៍ទុរេនសំឡូតដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានារបស់សហគមន៍ទុរេន

22 February 2023
កម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍ទុរេនសំឡូតដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានារបស់សហគមន៍ទុរេន
————————-
ស្រុកសំឡូត ខេត្តបាត់ដំបង÷ ល្ងាចថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ , ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និងសហការី បានបន្តអញ្ជើញចុះសំណេះសំណាលជាមួយសមាជិកសមាគមន៍ទុនរេនសំឡូត ដែលមានអស័យដ្ឋានស្ថិតនៅភូមិបឹងរុន ឃំុសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ ក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមជាអធិបតីភាពផងដែរ។
យកឱកាសនៃកិច្ចពិភាក្សានេះ, ឯកឧត្តមបណ្ឌិតបានជជែក និងពិភាក្សាជាមួយបងប្អូនក្នុងសមាគម ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងផលលំបាកនានា របស់សមាជិកក្នុងសមាគមន៍ទុរេនសំឡូត។
បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិត បានជូនជាទស្សនៈទានបន្ថែម ដល់បងប្អូនដែលមានវត្តមាននាឱកាសនោះថា បន្ថែមពីលើការដាំដំណាំទុរេន បងប្អូនគួរគិតគូពីរបររួមផ្សំបន្ថែមមានដូចជា ការចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម និងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឬgreen house តាមបែបកសិកម្មទំនើបដើម្បីទទួលបានគុណភាពតាមស្តង់ដារ និងទិន្នផលខ្ពស់ ដែលអាចបម្រើដល់ជីវភាពប្រចាំថ្ងៃផង និងក៏ឣាចបានផលចំណូលបន្ថែមក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។ មួយវិញទៀត សហគមគួរគិតគូពីការពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំទុរេនឲ្យបានត្រឹមត្រូវ។
ឯកឧត្តមបណ្ឌិតជម្រាបជូនបងប្អូនថា ធនាគារ ARDB ជាធនាគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ធនាគារ ARDB ត្រៀមឥណទានសម្រាប់បងប្អូនដែលមានតម្រូវការឥណទានប្រកបរបរកសិកម្ម។ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តដល់បងប្អូនដែលមានតម្រូវការឥណទាន អាចធ្វើការការទាក់ទងមក ធនាគារ ARDB បាន។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍។
សូមបញ្ជាក់ថា សមាគននេះមានសមាជិកចំនួន ១២២ គ្រួសារ ដែលក្នុងនោះ ៤៥% ជាស្រ្តី ហើយមានផ្ទៃដីដាំដុះប្រមាណជាង ៥៤៥ ហិចតា។ ទិន្នផលដែលផលិតបានអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអ្នកទេសចរណ៍ដែលមកកម្សាន្តក្នុងតំបន់៕
Previously
up Next