រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាចែករំលែក (Lecture Series) លើកទី២ ស្តីពី “Fostering Forest-Positive commodity Value Chain in Cambodia”។ លោកបណ្ឌិត ជូ ផានិត អ្នកសេដ្ឋកិច្ចបរិស្ថាន និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានអញ្ជើញធ្វើបទឧទ្ទេសនាម។ ក្នុងសិក្ខាសាលានេះមានការចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា ក្រុមការងារស្រាវជ្រាវ និងបុគ្គលិកធនាគារ ARDB ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានពាក់ព័ន្ធ សរុបចំនួន ១៣៧ រូប (ទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ)។
សិក្ខាសាលានេះ រៀបចំឡើងក្រោមក្របខ័ណ្ឌនៃ មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល (មជ្ឈមណ្ឌល APM) នៃធនាគារ ARDB ក្នុងគោលបំណងចែករំលែកលទ្ធផលស្រាវជ្រាវ និងចំណេះដឹងវិទ្យាសាស្ត្រស៊ីជម្រៅ ស្តីពីការជំរុញខ្សែច្រវាក់តម្លៃទំនិញកសិកម្ម (ជាពិសេសក្នុងវិស័យស្វាយចន្ទី) ដែលមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការគន្លឹះក្នុងការការពារបរិស្ថាន និងការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយចីរភាពនៅកម្ពុជា។ តាមរយៈសិក្ខាសាលានេះគឺបានដើរតួជាស្ពានតភ្ជាប់បណ្តាញទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងស្ថាប័នពាក់ព័ន្ធនានាផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម បាន លឹម បានគូសបញ្ជាក់ពីសារៈសំខាន់យុទ្ធសាស្ត្រនៃការអភិវឌ្ឍ «ខ្សែច្រវាក់តម្លៃដែលគិតគូរដល់កិច្ចការពារព្រៃឈើ» (Forest-Positive Value Chain)។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវកសិកម្មប្រកបដោយនិរន្តរភាព យើងត្រូវរួមគ្នាជំរុញការអនុវត្តកសិកម្មឆ្លាតវៃ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ, ការវាយតម្លៃ តម្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី, និងការរៀបចំយន្តការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុបៃតង។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានក្រើនរំលឹកពីហានិភ័យនៃការរីកលូតលាស់វិស័យកសិកម្មដោយខ្វះតុល្យភាព ដែលអាចនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ និងបាត់បង់ជីវៈចម្រុះ ដែលតម្រូវឱ្យតួអង្គពាក់ព័ន្ធទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌នៃការអភិវឌ្ឍប្រកបដោយចីរភាព និងទំនួលខុសត្រូវចំពោះសង្គមជាតិ។
សិក្ខាសាលានេះបានព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។




















