ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានអំពាវនាវឲ្យកសិករនៅខេត្តព្រះវិហារ ដើម្បីដោះស្រាយកង្វល់លើវិស័យកសិកម្មសូមចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដើម្បីជាធ្វើជាស្ពានភ្ជាប់ទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេសកសិកម្ម។
ការអំពាវនាវរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រជាកសិករនៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដែលមានការចូលរួមពី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គឹម រីទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ត្រីជំនាញកសិកម្ម មន្ត្រីរដ្ឋបាលក្រុង-ស្រុក មន្ត្រីកសិកម្មឃុំ-សង្កាត់ សមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ៤៥០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងប្រាប់កសិករថា ការជួបជុំនៅថ្ងៃនេះ ដើម្បីពិភាក្សា និងស្តាប់បញ្ហាពិតរបស់ប្រជាកសិករ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនៃការធ្វើកសិកម្មឲ្យមានប្រសិទ្ធភាព និងទទួលបានផលចំណេញ ដូចជា បញ្ហាទីផ្សារ តម្លៃកសិផល ថ្លៃដើមផលិតកម្ម បច្ចេកទេស ការទទួលបានប្រភពទុន និងបញ្ហាផ្សេងៗទៀត។
បន្ទាប់ពីសំណេះសំណាល និងស្តាប់កង្វល់របស់ប្រជាកសិករខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពន្យល់ដល់ប្រជាកសិករអំពីសមាគមបណ្តាញកសិករតេជោ ដែលជាអង្គការក្នុងស្រុក និងរកប្រាក់កម្រៃដោយប្រើប្រាស់ធនធានផ្ទាល់ខ្លួនសម្រាប់អនុវត្តសកម្មភាព និងមានគោលបំណងចូលរួមជួយដល់ប្រជាកសិករនៅទូទាំងប្រទេស។ អ្វីដែលសំខាន់ជាងនេះទៅទៀត សមាគមបណ្តាញកសិករតេជោមានតួនាទីសំខាន់ក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍ស្របច្បាប់របស់កសិករ តាមរយៈការផ្តល់យោបល់ ការសម្របសម្រួល និងការជួយស្វែងរកដំណោះស្រាយ ចំពោះបញ្ហានានាដែលកសិករកំពុងជួបប្រទះ។
បន្ថែមពីនេះសមាគមបណ្តាញកសិករតេជោក៏មានតួនាទីធ្វើជាស្ពានភ្ជាប់កសិករទៅកាន់ប្រភពទុន ទីផ្សារ និងចំណេះដឹងបច្ចេកទេស តាមរយៈការសម្របសម្រួលជាមួយស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ។សមាជិកសមាគមមានទាំងជំនាញ និងបទពិសោធន៍ផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដូចជា ការដាំដុះ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី និងសកម្មភាពកសិកម្មផ្សេងៗទៀត ដែលអាចចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយប្រជាកសិករ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានណែនាំឱ្យប្រជាកសិករស្គាល់ និងប្រើប្រាស់សេវាកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រដ្ឋមានតួនាទីក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់វិស័យកសិកម្មជួយដល់ប្រជាពលរដ្ឋក្នុងការធ្វើកសិកម្ម ដោយផ្តោតលើសកម្មភាពដាំដុះ ដូចជា ស្រូវ ការចិញ្ចឹម វារីវប្បកម្ម បន្លែ និងការកែច្នៃផលិតផលកសិកម្មដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។






























