ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមភស្តុភារកម្មកម្ពុជា។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមានគោលដៅយុទ្ធសាស្ត្ររួមគ្នាក្នុងការ «ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មកសិកម្មឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព» ក្នុងគោលបំណងធានាឱ្យបាននូវការកើនឡើងនូវប្រាក់ចំណូលគ្រួសារកសិករ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។
ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិស័យភស្តុភារកម្មគឺជាស្ពានតភ្ជាប់ដ៏មានសារៈសំខាន់រវាងកសិករ និងទីផ្សារ ដែលនឹងជួយកាត់បន្ថយថ្លៃដើម និងការខាតបង់ក្រោយការប្រមូលផល ព្រមទាំងបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ពី តួនាទីរបស់ធនាគារ ARDB ក្នុងអនុស្សរណៈនេះគឺការពង្រីកលទ្ធភាពនៅក្នុងការផ្តល់ហិរញ្ញប្បទានទៅលើប្រព័ន្ធភស្តុភារកម្មបៃតង (Green Logistics) ជាពិសេសលើការវិនិយោគលើមធ្យោបាយដឹកជញ្ជូនបៃតង ដើម្បីជួយឱ្យប្រតិបត្តិករភស្តុភារកម្មអាចកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល និងលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់តម្លៃកសិកម្ម។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានកំណត់គោលបំណងសហប្រតិបត្តិការសំខាន់ៗចំនួន ៣ រួមមាន៖
ទីមួយ៖ សហការផ្សព្វផ្សាយព័ត៌មានអំពីផលិតផលឥណទាន និងសេវាហិរញ្ញវត្ថុរបស់ធនាគារ ARDB ជូនដល់សមាជិកសមាគមដែលមានតម្រូវការទុនវិនិយោគក្នុងវិស័យភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម។
ទីពីរ៖ ការចែករំលែកព័ត៌មាន ទិន្នន័យ និងបទពិសោធន៍ពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផលិតផល និងសេវាហិរញ្ញវត្ថុឱ្យកាន់តែឆ្លើយតបចំតម្រូវការជាក់ស្តែង។
ទីបី៖ សហការរៀបចំគម្រោង កម្មវិធី និងព្រឹត្តិការណ៍រួមគ្នា ដូចជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ជំនួបធុរកិច្ច និងវេទិកាផ្សព្វផ្សាយផ្សេងៗ។







