រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB បានអញ្ជើញជាតំណាងធនាគារ ARDB ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងធនាគារ ARDB និងសាលាភាសាបរទេស ខេម-អាស៊ាន ដោយតំណាង លោក ហេង វណ្ណពុធបណ្ឌិត នាយកប្រតិបត្តិសាលាភាសាបរទេស ខេម-អាស៊ាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសហការីនៃស្ថាប័នទាំងពីរ។
កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះបង្កើតឡើងក្នុងគោលបំណងជំរុញភាពជាដៃគូយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ និងការអភិវឌ្ឍស្ថាប័នប្រកបដោយចីរភាព។
ក្នុងឱកាសនោះ តំណាងសាលាភាសាបរទេស ខេម-អាស៊ាន បានជម្រាបជូនពីសាវតារនិងសមិទ្ធផលការងារសំខាន់ៗរបស់សាលា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ិច សានី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង និងមានសុទិដ្ឋិនិយមថា កិច្ចសហការនេះមិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពបុគ្គលិក និងភ្ជាប់ទំនាក់ទំនងជាមួយប្រភពធនធានមនុស្សវ័យក្មេងដែលមានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកច្រកសម្រាប់ការបង្កើនតម្លៃបន្ថែម និងបង្កើតផលប្រយោជន៍រួមប្រកបដោយចីរភាពសម្រាប់ស្ថាប័នទាំងពីរនាពេលអនាគតផងដែរ។
ពិធីចុះអនុស្សរណៈនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។

















