ឯកឧត្តម បាន លឹម បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសន្និសីទវិទ្យាសាស្ត្រ ឆ្នាំ២០២៥

27 June 2025

ភ្នំពេញ៖ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសន្និសីទវិទ្យាសាស្ត្រ ឆ្នាំ២០២៥ ក្រោមប្រធានបទ នវានុវត្តន៍ក្នុងវិស័យកសិកម្មត្រូពិច និងសហគ្រិនភាពរបស់យុវជនសម្រាប់ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។
ពិធីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយសាកលវិទ្យាល័យហាយណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចាប់តាំងពីបើកដំណើរការវិទ្យាស្ថាននេះបានក្លាយជាតួអង្គដ៏សំខាន់មួយសម្រាប់តភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំ ដែលបានរួមចំណែកក្នុងការធ្វើអន្តរភាវូបនីយកម្មនៃការអប់រំកសិកម្ម រវាងសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យហៃណានរបស់ចិន។
តាមរយៈការគាំទ្រយ៉ាងពេញលេញពីវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺជាវេទិកាសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតក្នុងសាកលវិទ្យាល័យ និងដៃគូពាក់ព័ន្ធនានា អាចបង្ហាញលទ្ធផលស្រាវជ្រាវតាមរយៈការធ្វើការបង្ហាញ និងការពិភាក្សា។ ជំរុញវប្បធម៌នៃការស្រាវជ្រាវ និងសរសេរអត្ថបទវិទ្យាសាស្ត្រក្នុងបរិបទអប់រំ និងអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងបង្កើតសមិទ្ធផលផ្នែកចំណេះដឹង និងបច្ចេកទេសថ្មីៗ ដែលអាចជាការផ្លាស់ប្តូរមួយចំពោះវិស័យកសិកម្មនាពេលអនាគត៕