ទិដ្ឋភាពទូទៅ
គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងគាំទ្រដោយធនាគារ ARDB ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB។ គម្រោងនេះត្រូវបានឯកភាពឱ្យអនុវត្តថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គម្រោងនេះមានគោលដៅគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កើតការងារ, លើកកម្ពស់ជីវភាពកសិករ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ គម្រោងនេះ ផ្តោតលើគោលបំណងចម្បងៗ ចំនួន ៤ រួមមាន៖
- បណ្ដុះបណ្ដាលជំនាញដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស GAP
- ផ្សារភ្ជាប់ទីផ្សារ និងអ្នកប្រមូលទិញជាមួយកសិករ ស្របតាមកិច្ចសន្យាកសិកម្ម
- លើកកម្ពស់ការប្រើប្រាស់ថាមពលបៃតង ក្នុងគោលដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន
- បង្កើតការងារក្នុងមូលដ្ឋាន
គុណតម្លៃ
- សម្របសម្រួលការផ្តល់ជំនួយបច្ចេកទេសដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់
- ផ្ដល់កន្លែងស្នាក់នៅដល់អ្នកចូលរួមអនុវត្តគម្រោង និង
- ផ្តល់ឥណទានជាមួយអត្រាការប្រាក់ទាប និងវិធីទូទាត់សងត្រលប់មានភាពបត់បែន
អតិថិជនគោលដៅ
គម្រោងផ្ដល់លទ្ធភាពជូនកសិករមកពីគ្រប់បណ្ដាខេត្ត/ក្រុង ដើម្បីចូលរួមក្នុងការអនុវត្តគម្រោងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងលើកទឹកចិត្តសម្រាប់កសិករដែលរស់នៅក្នុងមូលដ្ឋានខេត្តកណ្ដាល។ កសិករដែលអាចចូលរួមក្នុងគម្រោងត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- គ្រួសារក្រីក្រ/ពលករ ឬសមាជិកនៃក្រុមងាយរងគ្រោះផ្សេងទៀត
- មានឆន្ទៈពិតប្រាកដក្នុងការចូលរួមអនុវត្តគម្រោងក្នុងវិស័យកសិកម្ម
- មានការប្តេជ្ញាចិត្តយ៉ាងសកម្មក្នុងការចូលរួមអនុវត្តគម្រោង
- មានទីលំនៅច្បាស់លាស់ និង
- មានជំនាញ និងបទពិសោធន៍ផ្នែកកសិកម្ម កាន់តែប្រសើរ។
សកម្មភាពគាំទ្រគម្រោង
បច្ចុប្បន្នគម្រោងបានរៀបចំទីតាំងកសិដ្ឋានទំហំជាង ១២ ហិកតា ដែលមានហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖
- សាលប្រជុំ និងបណ្ដុះបណ្ដាលជំនាញកសិកម្ម
- បន្ទប់ស្នាក់នៅសម្រាប់កសិករ
- ផ្ទះសំណាញ់ដាំដុះបន្លែសុវត្ថិភាព និងរោងបណ្ដុះកូនដំណាំ
- ស្រះទឹកសម្រាប់ស្ដុក និងអណ្ដូងទឹក ដែលដំណើរការដោយថាមពលសូឡា និង
- ផ្លូវ និងប្រព័ន្ធលូ សម្រាប់រំដោះទឹក ក្នុងកសិដ្ឋាន
សមិទ្ធផលគម្រោង
ក្នុងឆ្នាំ២០២៤ គម្រោងកសិកម្មឆ្លាតវៃ បានផ្ដល់ការងារជូនកសិករនៅក្នុងគម្រោងចំនួន ២០ នាក់ និងបានសាងសង់ផ្ទះសំណាញ់សម្រាប់ដាំដុះបន្លែសុវត្ថិភាព ទំហំ ១០ ម៉ែត្រ x ២៥ ម៉ែត្រ ចំនួន ៧២ ខ្នង។ គម្រោងបានផ្គត់ផ្គង់បន្លែសុវត្ថិភាព ចូលក្នុងទីផ្សារជាមធ្យមប្រមាណ ៤,៣ តោន ក្នុង ១ខែ។ បន្ថែមពីនេះ គម្រោងបាន និងកំពុងពិនិត្យលទ្ធភាពដើម្បីពង្រីក និងជ្រើសរើសកសិករដើម្បីចូលរួមអនុវត្តបន្ថែមផងដែរ។













