ទំព័រដើម អំពី ARDB

អំពី ARDB

ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងនៅឆ្នំា១៩៩៨ ដោយអនុក្រឹត្យលេខ០១​ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ ដោយមានឈ្មោះថាធនាគារអភិវឌ្ឍន៍ជនបទដែលជាធនាគារឯកទេសវិស័យកសិកម្ម។នៅឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានចេញ ​អនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៤ ក្នុងការកែសម្រួលមុខងារភារកិច្ច និងរចនាសម្ព័ន្ធរបស់ធនាគារ ARDB ។បន្ទាប់មក ធនាគារអភិវឌ្ឍន៍ជនបទ បានប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជដោយបានប្តូរឈ្មោះថា​ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

ធនាគារ ARDB ត្រូវបានកំណត់ជាសហគ្រាសសាធារណៈក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលមានឧបនិស្ស័យជាគ្រឹះស្ថានធនាគារ និងមានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំនិងគ្រប់គ្រងសកម្មភាពរបស់ខ្លួន។

ធនាគារ ARDB ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា។


តួនាទី និងភារកិច្ច

 • បំពេញតួនាទីជាធនាគារពាណិជ្ជផង និងជាធនាគារគោលនយោបាយផង
 • ផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាក់ព័ន្ធ រួមមានសេវាឥណទាន សេវាទូទាត់ និងសេវាទទួលប្រាក់បញ្ញើដល់អតិថិជនគោលដៅ ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មនិងសេដ្ឋកិច្ចជនបទ
 • ផ្តល់ការគាំទ្រជាគោលនយោបាយលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស រួមមាន ការសម្របសសម្រួល និងដោះស្រាយបញ្ហាក្នុងខ្សែច្រវាក់ផលិតកម្មវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការស្វែងរកទីផ្សារ ការផ្តល់យោបល់ និងការកសាងសមត្ថភាពជាដើម
 • លើកកម្ពស់ការប្រើប្រាស់បេច្ចកវិទ្យា និងភាពច្នៃប្រឌិតដើម្បីពងឹ្រងប្រសិទ្ធភាពនៃការផ្តល់សេវា និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់អតិថិជនក្នុងទីផ្សារ
 • សហការ និង/ឬធ្វើសហជីវការជាមួយគឹ្រះសា្ថនហិរញ្ញវត្ថុជាតិ និងអន្តរជាតិក្នុងការផ្តល់ហិរញ្ញប្បទាន ឬអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ
 • អនុវត្តគម្រោងហិរញ្ញប្បទាន ឬគ្រប់គ្រងមូលនិធិផ្សេងទៀត ក្នុងក្របខណ្ឌ នៃកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន
 • គ្រប់គ្រងកម្មវិធី ឬគម្រោងអន្តរាគមន៍របស់រាជរដ្ឋាភិបាល
 • កៀរគរទុន និងហិរញ្ញប្បទាន ស្រមាប់ព្រងីកសកម្មភាពរបស់ ធ.អ.ជ.ក.
 • ផ្តល់សេវាធនាគារផ្សេងទៀតពាក់ព័ន្ធនឹងការគ្រប់គ្រង និងចាត់ចែងធនធានហិរញ្ញវត្ថុប្រកប ដោយប្រសិទ្ធភាពជូនអតិថិជនគោលដៅព្រមទាំងប្រកាន់ខា្ជប់នូវគោលការណ៍អភិបាលកិច្ចល្អ និងការទទួលខុសត្រូវសង្គម និងបរិស្ថាន និង
 • សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ ធ.អ.ជ.ក. ឱ្យមានប្រសិទ្ធភាព។

ចក្ខុវិស័យ

ធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខ ដែលផ្ដោតលើការអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ នៅប្រទេសកម្ពុជា។

បេសកកម្ម

 • ការអភិវឌ្ឍការផ្សារភ្ជាប់យ៉ាងរឹងមាំនៅគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងវិស័យ​ជនបទ តាមរយៈបរិយាប័ន្នសេវាកម្មហិរញ្ញវត្ថុ
 • ការកំណត់, ការសម្របសម្រួល, និងការដោះស្រាយបញ្ហា​ទីផ្សារនៅក្នុងវិស័យកសិកម្ម​ និងជនបទតាមរយៈភាពជាដៃគូយុទ្ធសាស្រ្ត
 • ការជំរុញពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដល់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងវិស័យជនបទ និង
 • ការលើកកម្ពស់ការសន្សំប្រាក់នៅតាមទីជនបទ។