ការងារ សេវាកម្មធនាគារលើប្រព័ន្ធអ៊ិនធឹណិត

សារលិខិតរបស់ក្រុមប្រឹក្សាភិបាល

ទំព័រដើម អំពី ARDB សារលិខិតរបស់ក្រុមប្រឹក្សាភិបាល


អារម្ភកថា
នៅឆ្នាំ២០២០នេះ ពិភពលោកកំពុងប្រឈមនឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ជាសកល។ វិបត្តិនេះ មិនត្រឹមតែបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើននោះទេ ថែមទាំងបានដាក់បន្ទុកយ៉ាងខ្លាំងលើវិស័យសុខាភិបាល និងបង្អាក់សកម្មភាពសេដ្ឋកិច្ចជាសកល ជាពិសេសក្នុងវិស័យសេវាកម្ម។ ទន្ទឹមនេះ ប្រទេសមួយចំនួនក្នុងពិភពលោក បានប្រើប្រាស់វិធានការរដ្ឋបាលដ៏តឹងរឹងដើម្បីកាត់បន្ថយអត្រានៃការឆ្លងរាតត្បាតនៃជំងឺនេះ។

ការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា កំណើនសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះដល់ -៣,៣% នៅឆ្នាំ២០២០ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងងើបឡើងវិញនៅក្នុងអត្រា ៦%នៅឆ្នាំ២០២១ និង ៤,៤% នៅឆ្នាំ២០២២ ដោយសារប្រទេសមួយចំនួនអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាតត្បាត និងចាប់ផ្តើមបន្ធូរបន្ថយ ឬដកវិធានការរឹតបន្តឹងបន្តិចម្តងៗ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការឡើងវិញ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ចក្នុងប្រទេសអភិវឌ្ឍន៍បានធ្លាក់ចុះដល់ -៤,៧% នៅឆ្នាំ២០២០ ប៉ុន្តែកំណើននេះត្រូវបានរំពឹងថានឹងកើនឡើង ៥,១% នៅឆ្នាំ២០២១ និង ៣,៦% នៅឆ្នាំ២០២២។ ស្របពេលជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ បានធ្លាក់ចុះដល់ -២,២% ក្នុងឆ្នាំ២០២០ ប៉ុន្តែនឹងមានកំណើន ៦,៧% នៅឆ្នាំ២០២១ និង៥% នៅឆ្នាំ២០២២។

ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ បានជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយកំណើនបានធ្លាក់ចុះរហូតដល់ -៣,៥% នៅឆ្នាំ២០២០ ដោយសារវិស័យចម្បងៗបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ យោងតាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ វិស័យកាត់ដេរមានកំណើនអវិជ្ជមាន -៨% ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រសើរឡើង ដូច្នេះតម្រូវការពីទីផ្សារអន្តរជាតិមានភាពថមថយ។ ចំណែកឯ វិស័យសំណង់បានធ្លាក់ចុះ -៣% ស្របពេលដែលសកម្មភាពអចលនទ្រព្យបានធ្លាក់ចុះ -៤,៣% ដោយសារការបាត់បង់ទំនុកចិត្តក្នុងទីផ្សារ។ លើសពីនេះ វិស័យសេវាកម្មបានធ្លាក់ចុះយ៉ាងខ្លាំងដល់ -៧,៩% ដោយសារការអនុវត្តវិធានការរឹតត្បិតការធ្វើដំំណើរ និងផ្អាកជើងហោះហើរមួយចំនួន ក្នុងគោលបំណងទប់ទល់នឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ដោយឡែក វិស័យកសិកម្មមានកំណើន ០,៣% ឆ្នាំលើឆ្នាំ ដោយសារមានតម្រូវការក្នុងស្រុក ក្នុងបរិការណ៍នៃការរឹតត្បិតការនាំចូលផលិតផលកសិកម្មដោយប្រទេសមួយចំនួន។ ទោះបីយ៉ាងណា កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤,៣% នៅឆ្នាំ២០២១ និង ៥,៥% នៅឆ្នាំ២០២២។ ស្រដៀងគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានប៉ាន់ស្មានថាសេដ្ឋកិច្ចកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញនៅឆ្នាំ២០២១ដោយមានកំណើនសេដ្ឋកិច្ច ៤% ដោយសារមានតម្រូវការនាំចេញពីប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។ លើសពីនេះ ផលិតផលឧស្សាហកម្មនឹងមានកំណើនដល់ ៧,១% នៅឆ្នាំ២០២១ និង ៧% នៅឆ្នាំ២០២២ ដោយសារភាពប្រសើរឡើងវិញនៃវិស័យកាត់ដេរ, សែ្បកជើង និងសម្ភារធ្វើដំណើរ។ ចំណែកឯ វិស័យកសិកម្មត្រូវបានរំពឹងថានឹងកើនឡើង ១,៣% នៅឆ្នាំ២០២១ និង ១,២% នៅឆ្នាំ២០២២ គាំទ្រដោយការដំាដុះខ្ពស់ជាងមុន បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំមុន, កំណើននៃវារីវប្បកម្ម និងការកើនឡើងការនាំចេញផលិតផលកសិកម្មទៅសាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែក វិស័យសេវាកម្មនឹងងើបឡើងវិញយឺត ជាមួយកំណើន ៣,៣% នៅឆ្នាំ២០២១ និង ៦,២% នៅឆ្នាំ២០២២ ដោយសារវិធានការបិទខ្ទប់ ក៏ដូចជាការរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងវិស័យអចលនទ្រព្យដែលមាននិន្នាការស្របនឹងវិស័យសំណង់ ត្រូវបានរំពឹងថាងើបឡើងវិញ។

ក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងគោលនយោបាយសារពើពន្ធ ដែលរួមមាន ការលើកលែងការបង់ពន្ធសម្រាប់វិស័យដែលរងផលប៉ះពាល់, ការបញ្ចេញកញ្ចប់ថវិកាគាំពារសង្គមដើម្បីជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងការផ្តល់ហិរញ្ញប្បទានពិសេសសម្រាប់គាំទ្រវិស័យកសិកម្ម។ លើសពីនេះ រាជរដ្ឋាភិបាល បានស្នើសុំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពន្យារពេលនៃការសងត្រឡប់ និងការរៀបចំឥណទានឡើងវិញផងដែរ។
ធនាគារ ARDB ក្នុងនាមជាធនាគារពាណិជ្ជ និងជាធនាគារបម្រើគោលនយោបាយរាជរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ នៅក្នុងក្របខណ្ឌនៃការអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ នេះ ធនាគារ ARDB បានទទួលហិរញ្ញប្បទានពិសេសដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃកញ្ចប់វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ក្នុងគោលដៅផ្តល់ឥណទានដែលមានការប្រាក់ទាប គំាទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកែច្នៃផលិតផលកសិកម្ម ដែលមានដូចជា ការដំាដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមទំាងនោះ មានលទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន រួមចំណែកបង្កើតការងារ និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក។ គិតត្រឹមចុងឆ្នាំ២០២០ ធនាគារ ARDB សម្រេចបានសំពៀតឥណទាន សរុបចំនួន ២៤៥ លានដុល្លារអាមេរិក ដែលមានកំណើន ៤១,៦២% (ឆ្នាំលើឆ្នាំ)។ ចំណែកសំពៀតឥណទាននេះ បានគំាទ្រភាគច្រើនដល់វិស័យស្រូវ-អង្ករ និងពិពិធកម្មឥណទានដល់វិស័យផ្សេងៗទៀតដូចជាការចិញ្ចឹមសត្វការដាំដុះបន្លែ-ផ្លែឈើ វារីវប្បកម្មនិងអនុវិស័យផ្សេងទៀត (កៅស៊ូ, ម្រេច, ដំឡូងមី, ស្វាយចន្ទី, កាហ្វេ និងស្វាយជាដើម) ។

អនុវត្តតាមផែនការយុទ្ធសាស្រ្តអាជីវកម្ម៣ឆ្នាំ នៅឆ្នាំ២០២១ ធនាគារ ARDB គ្រោងនឹងផ្តល់ឥណទានសរុបកើនឡើងដល់ចំនួន ៣០៧ លានដុល្លារអាមេរិក ក្នុងនោះសំពៀតឥណទានគំាទ្រដល់វិស័យស្រូវ-អង្ករមានចំណែកប្រមាណ ៤៨% និងការធ្វើពិពិធកម្មសំពៀតឥណទានក្រៅពីស្រូវ-អង្ករ រួមមាន អនុវិស័យ (កៅស៊ូ, ម្រេច, ដំឡូងមី, ស្វាយចន្ទី, កាហ្វេ និងស្វាយជាដើម) ២៣%, ការចិញ្ចឹមសត្វ ៩%, បន្លែ-ផ្លែឈើ ៨%, វារីវប្បកម្ម ៤%, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ២%, និងផ្សេងៗ ៦%។

ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ ជំងឺកូវីដ-១៩ អាចនឹងបន្តអូសបន្លាយក្នុងរយៈពេលយូរដោយសាររលកនៃការឆ្លងរាតត្បាតនៅតែមានជាបន្តបន្ទាប់។ ដូច្នេះ ការសម្របខ្លួនទៅនឹងគន្លងថ្មី (New Normal) ស្របតាមវិធានការសុខាភិបាល និងបរិបទបបច្ចេកវិទ្យាថ្មី ពិតជាមានសារៈសំខាន់សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នអាជីវកម្មផ្សេងៗទៀត ដើម្បីរក្សានិរន្តរភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ក្នុងន័យនេះ ការអភិវឌ្ឍផលិតផល និងសេវាធនាគារបែបឌីជីថលដែលមានកម្រៃសេវាទាប,មានសុវត្ថិភាពខ្ពស់, ឆាប់រហ័ស, អាចធ្វើប្រតិបត្តិការគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា បាននិងកំពុងក្លាយជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការបម្រើសេវាអតិថិជន។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ ARDB ដែលបានបំពេញការងាររបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។

Get in touch. Stay in touch

Start Using ARDB Mobile App

easy to use and safe for Client.

អ្នកទស្សនា Online : 3 Active