រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយកសាជីវកម្មឥណទានកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ព្រមទាំងថ្នាក់ដឹកជាច្រើនរូបទៀតផងដែរ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនាគារ ARDB, និង CGCC ក្នុងការចូលរួមលើកកំពស់ការផ្តល់ឥណទានគាំទ្រដំណើរការផលិតរបស់សហគមន៍កសិកម្មទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការធានាឥណទានពី CGCC ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំឈ្លាសវៃ និងដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

















