14 កក្កដា 2025

អគ្គនាយកធនាគារARDB និងតំណាងក្រុមហ៊ុនហង្ស ហាវេស ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ

អគ្គនាយកធនាគារARDB និងតំណាងក្រុមហ៊ុនហង្ស ហាវេស ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ
=============
ឧត្តរមានជ័យ-បន្ទាយមានជ័យ : ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំទៅទីផ្សារចិននៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញ ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំង ស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាស អញ្ជើញចុះពិនិត្យផ្ទាល់ដល់ឃ្លាំងស្តុកដំឡូងមី និងទីលានហាល របស់ឯកឧត្តមបណ្ឌិត កៅ ថាចនិងក្រុមហ៊ុនខាងលើ ខណៈដែលកន្លងទៅថ្មីៗនេះ ប្រជាកសិករនៅខេត្តជាប់ព្រំដែនកម្ពុជា- ថៃ ជួបបញ្ហាប្រឈមរឿងទីផ្សារដំឡូងមី និងពោតក្រហម។
បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗនៅខេត្តឧត្តរមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និង លោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេ បានបន្តចុះពិនិត្យសក្តានុពល និងការប្រមូលទិញដំឡូងមី កន្លែងកាត់ដំឡូងមីរបស់កសិករ ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបន្ថែមទៀត។
ក្រោយការស្តាប់មតិលើកឡើង និងការបញ្ជាក់ពីប្រជាពលរដ្ឋ ព្រមទាំង ម្ចាស់ទីលានហាល និងពាណិជ្ជករអ្នកប្រមូលទិញប្រមាណ១០ទីតាំងខាងលើ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំឲ្យម្ចាស់ឃ្លាំង និងក្រុមអ្នកប្រមូលទិញត្រូវ សហការជាមួយក្រុមហង្ស ហាវេស ដែលជាអ្នកនាំចេញធំ និងធនាគារ ARDB លើផ្នែកឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។
បន្ថែមពីនេះ ក្នុងនាមធនាគារ ARDB ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវដល់ពាណិជ្ជករនិងឈ្មួញ សូមបន្តប្រមូលទិញដំឡូមីពីបងប្អូនកសិករបន្ថែមទៀត ហើយធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកឥណទាន ដើម្បីដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាកសិករនឹងលើកកម្ពស់សេដ្ឋកិច្ចជនបទ។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានស្នើឲ្យបងប្អូន ដែលធ្វើពាណិជ្ជកម្មដំឡូងមី ត្រូវប្រើប្រាស់រូបិយវត្ថុជាតិគឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផលនៅតាមមូលដ្ឋានរាងៗខ្លួនដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់។
សូមជម្រាបថា នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦នេះ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ បាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមទៅប្រទេសចិន ក្នុងរង្វង់ ២០ម៉ឺនតោន ។
ក្នុងមួយឆ្នាំៗ ដំឡូងមីកម្ពុជា ត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា ផ្តល់ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤,ពោតក្រហមប្រមាណជាង ២៨ ម៉ឺនហិកតាផ្តល់ទិន្នផលស្រស់ប្រមាណ ១ លានតោន ផ្តល់ផលសេដ្ឋកិច្ចប្រមាណជាង ២០០ លានដុល្លារ។