ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំគណៈប្រតិភូចូលរួម ពិព័រណ៍ចិន-អាស៊ានលើកទី២២ និងវេទិកានៃកិច្ចសន្ទនាជាន់ខ្ពស់លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់-Regional Comprehensive Economic Partnership ហៅកាត់ថា (RCEP) និងតំបន់ពាណិជ្ជកម្មសេរីចិនអាស៊ាន ៣.០ – Version 3.0 China-ASEAN Free Trade Area ហៅកាត់ថា (CAFTA) រួមគ្នាដើម្បីអនាគតថ្មីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកតាមរយៈសមាហរណកម្មសេដ្ឋកិច្ចឆ្ពោះទៅការធ្វើបរិវត្តកម្មសកលភាវូបនីយកម្ម។ កម្មវិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។
ព្រឹតិ្តការណ៍នេះ ជាកាលានុវត្តភាពយ៉ាងទូលំទូលាយដល់ធុរជន វិនិយោគិន តាមរយៈការពង្រីកទីផ្សារ, ការបង្កើតលំហទីផ្សារថ្មីៗបន្ថែម និងការពង្រឹងនិងពង្រីកកិច្ចសហការក្នុងវិស័យសក្តានុពល។ ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការសេវាធនាគារ និងហិរញ្ញវត្ថុ, ធនាគារ ARDB គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងធនាគារមួយចំនួននៅសាធារណរដ្ឋប្រជាមានិតចិន។





