ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នាព្រឹក ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើក ក្នុងកម្មវិធី ADFIAP-AADFI Joint International CEO Forum 2025 ក្រោមប្រធានបទ៖ Resilient Future: Harnessing Sustainable Finance for Development in Asia and the Pacific and Africa។ ឯកឧត្តមបណ្ឌិត បានគូសរំលេចនូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក និងគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាហ្វ្រិក និងការជំរុញការអនុវត្តហិរញ្ញប្បទានចម្រុះ (Blended Finance) សំដៅចូលរួមលើកម្ពស់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាទស្សនវិស័យដ៏មានអត្ថន័យក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈបន្សល់នូវពាក្សមួយឃ្លា “ប្រសិនបើ យើងចង់ដើរលឿន យើងអាចដើរម្នាក់ឯង ប៉ុន្តែប្រសិនបើ យើងចង់ដើរបានឆ្ងាយ យើង ត្រូវដើររួមគ្នា – If we want to walk fast, we walk alone, but if we want to walk far, we walk together” ។
22 តុលា 2025



























