25 វិច្ឆិកា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (Agricultural Development Bank of China – ADBC) ដែលដឹកនាំដោយលោក LIU Junbiao ប្រធានការិយាល័យ នៃនាយកដ្ឋានស្តារជនបទ

នាព្រឹកថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានទទួលជួបពិភាក្សាការងារជាមួយលោក LIU Junbiao ប្រធានការិយាល័យ នៃនាយកដ្ឋានស្តារជនបទ និងសហការី ក្រោមក្របខណ្ឌអនុវត្តអនុស្សរណៈយោគយល់រវាងធនាគារទាំងពីរ។
ឯកឧត្តមបណ្ឌិត និងលោក LIU បានចែករំលែកនូវបច្ចុប្បន្នភាពវិស័យហិរញ្ញវត្ថុ ដោយបានផ្តោតទៅលើកាលានុវត្តន៍ភាពនៃការផ្តល់ហិរញ្ញប្បទានក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងអាជីវកម្មបៃតង។ ជំនួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងស្របពេលដែលធនាគារ ADBC មកបំពេញទស្សនកិច្ចសិក្សាជាផ្លូវការនៅធនាគារ ARDB រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍ លើនវានុវត្តន៍ហិរញ្ញប្បទានកសិកម្ម ហិរញ្ញប្បទានបៃតង សេវាប្រតិបត្តិការធនាគារ និងការសិក្សាស្រាវជ្រាវ។
បន្ថែមពីការចែករំលែកព័ត៌មាននេះ, ធនាគារ ARDB និង ធនាគារ ADBC ក៏បានយល់ឃើញដូចគ្នា ក្នុងការពង្រីកលទ្ធភាពកិច្ចសហប្រតិបត្តិការលើ ការផ្តល់ហិរញ្ញប្បទានរួមគ្នា, និងការតភ្ជាប់សេវាទូទាត់អន្តរធនាគារ ជាពិសេសអាជីវកម្មបៃតង និងហិរញ្ញប្បទានបៃតង។