រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានដឹកនាំសហការី ជួបប្រជុំជាមួយលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការនៃសមាគមឥណទានកសិកម្ម និងជនបទ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APRACA) និងសហការី ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តការងារ និងការលើកទិសដៅនៃផែនការជាបន្តបន្ទាប់លើការងារពាក់ព័ន្ធក្រោមក្របខ័ណ្ឌភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។















