20 កុម្ភៈ 2026

ឯកឧត្តម ចាន់ សីហា អញ្ជើញចូលរួមជាអធិបតី នៅក្នុងសិក្ខាសាលាស្ដីពី យុទ្ធនាការខ្មែរត្រូវតែខ្លាំង

ខេត្តសៀមរាប ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ​ចាន់ សីហា អគ្គនាយករងធនាគារ ARDB​ បានអញ្ជើញចូលរួមជាអធិបតីភាព និងចែករំលែកទស្សនៈ និងអត្ថន័យ ខ្មែរត្រូវតែខ្លាំង ក្នុងសិក្ខាសាលា យុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំ ឡើងដោយវិទ្យាស្ថាន ស៊ីអ៉ីអូ ដោយមានការអញ្ជើញចូលរួមពី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នអប់រំ សរុបប្រមាណ ១៥០ រូប។
ក្នុងឱកាសនៃយុទ្ធនាការ ខ្មែរត្រូវតែខ្លាំងនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បាន ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។ ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពី កត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការបន្តចូលរួមអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលយ៉ាងសកម្មគឺ យុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពីគ្រប់តួអង្គ និងវិស័យ ជាពិសេសការចូលរួមធ្វើការរួមគ្នាពីវិស័យឯកជន។ លើសពីនេះ, ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ រួមបញ្ចូលទាំង ជំនាញទន់ ជំនាញរឹង សីលធម៌ គុណធម៌ និងចរិយាធម៌ ក៏ជាកត្តាមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សំដៅជំរុញឱ្យប្រជាជាតិខ្មែរខ្លាំង។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនាថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបុរីអង្គរ ក្រុងសៀមរាប។