ខេត្តសៀមរាប៖ នាថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ក្រុមការងារគម្រោងនៃធនាគារ ARDB បានចូលរួមសិក្ខាសាលាស្តីពី “ការឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជាប្រចាំឆ្នាំ២០២៥” នៅខេត្តសៀមរាប។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលទ្ធផល,បញ្ហាប្រឈមនៃការអនុវត្តគម្រោងឆ្នាំ២០២៥ និងកំណត់ទិសដៅការងារឆ្នាំ២០២៦។
កម្មវិធីសិក្ខាសាលា មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង CASDP, ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក និងលោក សុខ ខន នាយកគម្រោង CASDP នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពី នាយកគម្រោង ប្រធានគ្រប់គ្រងគម្រោង និងមន្រ្តីអនុវត្តគម្រោង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបដែលបានកំពុងអនុវត្តផែនការពិពិធកម្ម និងធុរកិច្ចក្រោមហិរញ្ញប្បទានក្រោមគម្រោង ដោយសរុបអ្នកចូលរួមប្រមាណ ១០០នាក់។








