13 មីនា 2026

លោកស្រី អៀង ច័ន្ទគ្រឹស្នា ប្រធានអង្គភាពសម្របសម្រួលគម្រោង បានចូលរួមកម្មវិធីសំណេះសំណាល ស្វាគមន៍ដល់សិក្ខាកាម ចំនួន ៧ រូប (ស្រី ២ រូប) មកពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្ម ដើម្បីអនុវត្តបច្ចេកទេសដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ក្រោមគម្រោងកសិកម្មឆ្លាតវៃ

ស្រុកខ្សាច់កណ្ដាល៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, លោកស្រី អៀង ច័ន្ទគ្រឹស្នា ប្រធានអង្គភាពសម្របសម្រួលគម្រោង បានចូលរួមកម្មវិធីសំណេះសំណាល ស្វាគមន៍ដល់សិក្ខាកាម ចំនួន ៧ រូប (ស្រី ២ រូប) មកពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្ម ដើម្បីអនុវត្តបច្ចេកទេសដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ក្រោមគម្រោងកសិកម្មឆ្លាតវៃ។

នាឱកាសសំណេះសំណាលនេះ លោកស្រីប្រធានអង្គភាព បានណែនាំដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងក្រេបយកចំណេះដឹងពីការអនុវត្តជាក់ស្ដែង ព្រមទាំងធ្វើការកត់ត្រាទុកនូវបច្ចេកទេសសំខាន់ៗ ក្នុងការអនុវត្ត ជាពិសេសការអនុវត្តបច្ចេកទេសកសិកម្មស្របតាមស្តង់ដារសុវត្ថិភាព ការអនុវត្តកសិកម្មល្អ (Cam-GAP)។

បន្ថែមពីនេះ លោកស្រីប្រធានអង្គភាព ក៏បានបញ្ជាក់បន្ថែមថា ការរៀបចំផែនការអាជីវកម្មល្អស្របតាមតម្រូវការទីផ្សារ និងការផ្សារភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម ជាកត្តាកំណត់ភាពជោគជ័យររបស់អាជីវកម្ម។

ជាចុងក្រោយ លោកស្រីក៏បានផ្ដល់ព័ត៌មានបន្ថែមអំពីសេវាកម្មរបស់ធនាគារ និងព័ត៌មានអំពីគម្រោងផ្សេងៗ ដែលធនាគារបាននិងកំពុងអនុវត្ត ព្រមទាំងផ្តល់ឱកាសដល់សិក្ខាកាមដែលមានចំណាប់អារម្មណ៍អាចចូលរួមអនុវត្តគម្រោងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បន្ទាប់ពីបញ្ចប់ការចុះកម្មសិក្សានេះ។