13 មីនា 2026

គម្រោងកាត់បន្ថយភាពក្រីក្រ

ស្រុកភ្នំព្រឹក៖ គម្រោងកាត់បន្ថយភាពក្រីក្រ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ គម្រោងមានគោលដៅពង្រីកវិសាលភាពទៅតំបន់នានា ទូទាំងប្រទេស ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។

គម្រោងនេះ បានចាប់ផ្តើមសាងសង់ផ្ទះសំណាញ់ នាដើមឆ្នាំ២០២៥ និងបានចាប់ផ្ដើមដាំដុះបន្លែបានពេញលេញ នៅអំឡុងឆមាសទី១ ឆ្នាំ២០២៥។ បច្ចុប្បន្ននេះ គម្រោងទទួលបានកសិករក្រីក្រចូលរួមចំនួន ១៣ គ្រួសារ និងមានផ្ទះសំណាញ់សរុបចំនួន ៥២ខ្នង  សម្រាប់ដាំដុះបន្លែសុវត្ថិភាព ស្របតាមបច្ចេកទេស និងការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះក្នុងវិស័យកសិកម្ម។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ គម្រោងកាត់បន្ថយភាពក្រីក្រ នៅស្រុកភ្នំព្រឹក បានប្រមូលផលបន្លែចំនួន ៧មុខ រួមមាន៖ ផ្កាខាត់ណាខៀវ, ផ្កាខាត់ណាលឿង, ខាត់ណាដើមកំប៉ោង, ស្ពៃតឿ, ស្ពៃក្រញាញ់, ស្ពៃក្តោប និងប៉េងប៉ោះឈើរី ដែលទទួលបានទិន្នផលសរុបចំនួន ៣ ៥៤២ គីឡូក្រាម និងចំណូលសរុបចំនួន ៥ ៣៩៦ ៣២០ រៀល ។

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីគម្រោង៖
– លោក ធឹម ប៊ុនថេង          អនុប្រធានអង្គភាពសម្របសម្រួលគម្រោង
លេខទូរស័ព្ទ                     098 225 628
– លោក រស់ សេងហាក់      នាយកសាខាបាត់ដំបង
លេខទូរស័ព្ទ                     099 212 229

សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីការទិញបន្លែសុវត្ថិភាព៖
– សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា
លេខទូរស័ព្ទ 087 218 511

ចូលរួមគាំទ្រផលិតផលក្នុងស្រុក ដើម្បីបង្កើនការងារ និងទទួលបានសុខភាពល្អ