31 October 2025

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការរៀបចំឯកសារឥណទានដល់សហគមន៍កសិកម្មទំនើប និងការអនុវត្តគោលការណ៍បរិស្ថាន និងសង្គម” ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, ក្រុមការងារគម្រោងនៃធនាគារ ARDB បានសហការជាមួយក្រុមការងារគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការរៀបចំឯកសារឥណទានដល់សហគមន៍កសិកម្មទំនើប និងការអនុវត្តគោលការណ៍បរិស្ថាន និងសង្គម” ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីការចូលរួមអនុវត្តផ្តល់ឥណទានដោយផ្ទាល់ដល់ MACs និងណែនាំអំពីនីតិវិធីនៃការអនុវត្តគោលការណ៍បរិស្ថាន និងសង្គម សម្រាប់ការផ្តល់ឥណទានតាមច្រកពិពិធកម្មកសិកម្ម ក្រោមគម្រោង CASDP។ កម្មវិធីនេះ មានការចូលរួមផ្ទាល់ពីតំណាងទីប្រឹក្សាគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមការងារបរិស្ថាន និងសង្គមនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបុគ្គលិកគម្រោងប្រចាំតំបន់គោលដៅគម្រោង ដែលសរុបអ្នកចូលរួមចំនួន ៣១រូប។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃសុក្រ ១០ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។