19 វិច្ឆិកា 2025

គម្រោងកសិកម្មឆ្លាតវៃ មានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គម្រោងមានគោលដៅពង្រីកការអនុវត្តទៅតំបន់នានាទូទាំងប្រទេស ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។

គម្រោងនេះ បានអនុវត្តតាំងពីឆ្នាំ២០២៣ ដោយផ្ដោតលើការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស ការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះក្នុងវិស័យកសិកម្ម ផងដែរ។

នៅក្នុងខែតុលា ឆ្នាំ២០២៥ នេះ កសិករក្នុងគម្រោងបានប្រមូលផលបន្លែចំនួន ៧ មុខ រួមមាន៖ ស្ពៃក្រញ៉ាញ់, ស្ពៃតឿ, ស្ពៃចង្កឹះ, ស្ពៃឆៃស៊ីម, ស្ពៃពួយឡេង, ខាត់ណាដើម និងប៉េងបោះឈើរី ដែលទទួលបានបរិមាណផលសរុបចំនួន ១ ៤៤៥ គីឡូក្រាម និងគិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ កសិករប្រមូលផលបានសរុបចំនួន ៣៨ ៤៨៧ គីឡូក្រាម។