អំពីយើង

ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល នៅឆ្នំា១៩៩៨ អនុក្រឹត្យលេខ០១​ អនក្រ.បក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ១៩៩៨ ដោយមានឈ្មោះថា ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ)” ប្រតិបត្តិការជាធនាគារឯកទេសផ្តោតលើវិស័យកសិកម្ម ។ នៅឆ្នាំ ២០១៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៩៩ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៤ ក្នុងការកែសម្រួលមុខងារភារកិច្ច និងរចនាសម្ព័ន្ធរបស់ធនាគារ ធ.អ.ជ ។ បន្ទាប់មក ធនាគារអភិវឌ្ឍន៍ជនបទ បានប្រែក្លាយពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជដោយបានប្តូរឈ្មោះទៅជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក)  តាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក) ត្រូវបានហៅថា ធនាគារ ARDB មានគោលដៅផ្ដល់សេវាធនាគារពេញលេញប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ធនាគារ ARDB បានបំពេញតួនាទីជាធនាគារពាណិជ្ជ និងជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ពោលគឺបំពេញកង្វះចន្លោះផ្នែកហិរញ្ញវត្ថុក្នុងគម្រោងអភិវឌ្ឍន៍នានា ដែលគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុឯកជនមិនអាចបំពេញបាន ។

ធនាគារ ARDB បាននិងកំពុងពង្រីកវិសាលភាពប្រតិបត្តិការ និងដើមទុនជាបន្តបន្ទាប់ និងមានការសហប្រតិបត្តិការជាមួយដៃគូជាច្រើនក្នុងការផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារប្រកបដោយប្រសិទ្ធភាព និងចីរភាពដល់វិស័យ​កសិកម្ម ។ បច្ចុប្បន្ន ធនាគារ ARDB បានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុកាន់តែកៀកអតិថិជន ដោយបានពង្រីកបណ្តាញប្រតិបត្តិការជាសាខានៅខេត្តបាត់ដំបង និងការិយាល័យចល័ត១៤ នៅតាមបណ្តាខេត្ត ដើម្បីផ្តល់សេវាធនាគារជូនប្រជាកសិករ សហគមន៍កសិកម្ម រោងម៉ាស៊ីនកិនស្រូវ សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងភាគីពាក់ព័ន្ធក្នុងខ្សែច្រវ៉ាក់តម្លៃ និងផលិតកម្មកសិកម្ម។


DJI_20240510092633_0426_D

តួនាទី និងភារកិច្ច

ធនាគារ ARDBបានកំនត់តួនាទី និងភារកិច្ចសំខាន់ៗរួមមាន៖

  • បំពេញតួនាទីជាធនាគារពាណិជ្ជផង និងជាធនាគារគោលនយោបាយផង
  • ផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាក់ព័ន្ធ រួមមាន សេវាឥណទាន សេវាទូទាត់ និងសេវា ទទួលប្រាក់បញ្ញើ ដល់អតិថិជនគោលដៅ ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម​ និងសេដ្ឋកិច្ចជនបទ
  • ផ្តល់ការគាំទ្រជាគោលនយោបាយលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស រួមមាន ការសម្របសសម្រួល និងដោះស្រាយបញ្ហា ក្នុងខ្សែច្រវាក់ផលិតកម្ម វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការស្វែងរកទីផ្សារ ការផ្តល់យោបល់ និងការកសាងសមត្ថភាពជាដើម
  • លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងភាពច្នៃប្រឌិត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាកម្ម និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់អតិថិជនក្នុងទីផ្សារ
  • សហការ និង/ឬធ្វើសហជីវការជាមួយគឹ្រះសា្ថនហិរញ្ញវត្ថុជាតិ និងអន្តរជាតិ​ ក្នុងការផ្តល់ហិរញ្ញប្បទាន ឬ អនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ
  • អនុវត្តគម្រោងហិរញ្ញប្បទាន ឬគ្រប់គ្រងមូលនិធិផ្សេងទៀត ក្នុងក្របខណ្ឌនៃកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន
  • គ្រប់គ្រងកម្មវិធី ឬ គម្រោងអន្តរាគមន៍របស់រាជរដ្ឋាភិបាល
  • កៀរគរទុន និងហិរញ្ញប្បទាន សម្រាប់ពង្រីកសកម្មភាពរបស់ ធ.អ.ជ.ក.
  • ផ្តល់សេវាធនាគារផ្សេងទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រង និងចាត់ចែងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពជូនអតិថិជនគោលដៅ ព្រមទាំងប្រកាន់ខា្ជប់នូវគោលការណ៍អភិបាលកិច្ចល្អ និងការទទួលខុសត្រូវសង្គមនិងបរិស្ថាន និង
  • សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ ធ.អ.ជ.ក. ឱ្យមានប្រសិទ្ធភាព។

ចក្ខុវិស័យ

Vision Icon
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាគ្រឹះស្ថានផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាពឈានមុខគេ ដែលផ្តោតលើការអភិវឌ្ឍវិស័យកសិកម្ម វិស័យជនបទ និងវិស័យបៃតង នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

បេសកកម្ម

ការអភិវឌ្ឍទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយចីរភាពគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម វិស័យអភិវឌ្ឍន៍ជនបទ និងវិស័យបៃតង តាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុពេញលេញប្រកបដោយបរិយាបន្ន។
Icon
ការកំណត់អត្តសញ្ញាណ, ការសម្របសម្រួល, និងការដោះស្រាយ គម្លាតទីផ្សារ ក្នុងវិស័យកសិកម្ម វិស័យអភិវឌ្ឍន៍ជនបទ និងវិស័យបៃតង តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដោយប្រើប្រាស់បច្ចេកវិទ្យា និងហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព។
Icon
ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់សេវាកម្មហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
Icon
ការលើកកម្ពស់ ការសន្សំប្រកបដោយចីរភាពក្នុងវិស័យអភិវឌ្ឍន៍ជនបទ និងអក្ខរកម្មហិរញ្ញវត្ថុ។

គោលដៅ

  • ធ្វើបរិវត្តកម្មធនាគារឱ្យទៅជាធនាគារឌីជីថលពេញលេញផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត
  • ប្រែក្លាយប្រជាកសិករ ឱ្យទៅជាកសិករសហគ្រិន តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងលើកកម្ពស់ការយល់ដឹង ដើម្បីជំរុញការនាំចេញ និងចូលរួមរក្សាសុវត្ថិភាពស្បៀងអាហារកម្ពុជា
  • លើកកម្ពស់ចង្កោមសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ធរុកិច្ចកសិ-ឧស្សាហកម្ម សំដៅកសាងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មប្រកបដោយចីរភាព
  • លើកកម្ពស់វិស័យបៃតង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព។

គុណតម្លៃស្នូល

Icon

សុចរិតភាព

សុចរិតភាព គឺជាគុណតម្លៃស្នូលមួយដែលផ្សារភ្ជាប់រវាងភាពស្មោះត្រង់និងមនសិការវិជ្ជាជីវៈ។
Icon

កិច្ចសហការ

កិច្ចសហការ គឺជាគុណតម្លៃស្នូលមួយដែលបង្ហាញអំពីសកម្មភាពនៃការទំនាក់ទំនង និងការបំពេញការងាររួមគ្នាដើម្បីសម្រេចបាននូវគោលដៅរួម។
Icon

នវានុវត្តន៍

នវានុវត្តន៍ គឺជាគុណតម្លៃស្នូលមួយដែលបង្ហាញអំពីការអនុវត្តការងារដែលមានលក្ខណៈទំនើបកម្មនិងភាពច្នៃប្រឌិត។