23 មេសា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨

ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នៅព្រឹក ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញ ថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី ៤៨ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT IMPACT) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបានរំលេចថា៖ “គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសួនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើអាជីវកម្មក្នុងស្រុក, ការកសាងប្រព័ន្ឋអេកូឡូស៊ីសម្រាប់សហគ្រិន, ការជំរុញការផ្តល់ហិរញ្ញប្បទានដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ជាក់លាក់, និងការដើរតួជាស្ពានតភ្ជាប់គម្លាតហិរញ្ញប្បទាន ជាពិសេសហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព” ។