គណៈប្រតិភូធនាគារ ARDB អញ្ជើញចូលរួមកិច្ចប្រជុំមជ្ឈមណ្ឌលឧត្តមភាពនៃសមាគម APRACA លើកទី១
កោះបាលី-ប្រទេសឥណ្ឌូនេស៊ី៖ នាព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមកិច្ចប្រជុំមជ្ឈមណ្ឌលឧត្តមភាពនៃសមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (Meeting of APRACA Centers of Excellence) លើកទី១ នៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធរវាងមជ្ឈមណ្ឌលឧត្តមភាពទាំងអស់នៃសមាគម APRACA ផងដែរ។
ក្នុងអំឡុងកិច្ចប្រជុំនេះ គណៈប្រតិភូធនាគារ ARDB បានធ្វើបទបង្ហាញពីវឌ្ឍនភាពការងារ និងផែនការសកម្មភាព ឆ្នាំ២០២៥-២០២៦ របស់មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគម APRACA (ARDB ACE-GFA) ដែលទើបតែបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ព្រមទាំងបានគូសរំលេចពីការប្តេជ្ញារបស់ធនាគារ ARDB ក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងនានារបស់មជ្ឈមណ្ឌលឧត្តមភាព ជាពិសេសការជំរុញការផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។








