ខេត្តអៃជី, ប្រទេសជប៉ុន៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមជាមួយលោក រស់ រាសី ប្រធានសមាគមខ្មែរនៅប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូ ARDB និងវិនិយោគិនខ្មែរ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម Hideaki Omura អភិបាលខេត្តអៃជី។
ក្នុងកិច្ចការពិភាក្សានេះ ឯកឧត្តមអភិបាល បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូន ចំពោះគណៈប្រតិភូកម្ពុជា ដែលអញ្ជើញមកទស្សនកិច្ចនៅប្រទេសជប៉ុន ជាពិសេសខេត្តអៃជី។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍ និងបានស្នេីសុំឯកឧត្តមអភិបាល បន្តពង្រឹង និងពង្រីកកិច្ចសហការប្រតិបត្តិការល្អបន្ថែមទៀត។












