7 មិថុនា 2025

ឯកឧត្តម​ បាន លឹម បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគម្រោងស្រាវជ្រាវ និងវិធីសាស្ត្រក្នុងការស្រាវជ្រាវបែបចម្រុះ” ដែលដឹកនាំបង្រៀនដោយ លោក អាន អាយយូរណាន់ ជាបេក្ខភាពបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Toronto នៅប្រទេសកាណាដា

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម​ បាន លឹម​ អគ្គនាយករង បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគម្រោងស្រាវជ្រាវ និងវិធីសាស្ត្រក្នុងការស្រាវជ្រាវបែបចម្រុះ” ដែលដឹកនាំបង្រៀនដោយ លោក អាន អាយយូរណាន់ ជាបេក្ខភាពបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Toronto នៅប្រទេសកាណាដា។
វគ្គបណ្តុះបណ្តាលនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់បុគ្គលិក ARDB ជាពិសេសសមាជិកក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM និងមជ្ឈមណ្ឌលឧត្តមភាព ARDB ACE-GFA ក្នុងការរៀបចំគម្រោង និងរបាយការណ៍ស្រាវជ្រាវដោយប្រើប្រាស់វិធីសាស្ដ្របែបចម្រុះ (Mixed-Methods Methodology) សំដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការសិក្សាស្រាវជ្រាវដែលមជ្ឈមណ្ឌលទាំងពីរបាននិងកំពុងរៀបចំ។ ឯកឧត្តម បាន លឹម បានគូសបញ្ជាក់ថា​ ជំនាញស្រាវជ្រាវមិនត្រឹមតែមានសារៈសំខាន់សម្រាប់ស្ថាប័នក្នុងការរួមចំណែកសម្រេចបានគោលដៅនោះទេ តែក៏ជាជំនាញមួយដែលអាចចូលរួមពង្រឹងសមត្ថភាពរបស់បុគ្គលិកក្នុងការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា និងការបំពេញភារកិច្ចចំពោះមុខ និងនាពេលអនាគតផងដែរ។