5 សីហា 2025

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរស បន្តអញ្ជើញសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពាន

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រោងម៉ាស៊ីន ស៊ីវឡាយ និង ជាពិសេសតំណាងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរចុះសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពានរំលោភដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ប្រទេសសៀម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បាននាំយក នូវថវិកា, ផ្លែឈឺ ម្ហូបអាហារ និង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនវិរកងទ័ពយើង ដើម្បីសំដែងនូវការដឹងគុណ សម្រាប់ការលះបង់ដ៏ធំធេងដើម្បីការពារបូរណៈភាពដែនដីខ្មែរ ពីការឈ្លានពានដោយកងទ័ពសៀម ។
ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ARDB និងសប្បុរសជនក្នុង និងក្រៅប្រទេសបានឃើញហើយគួរឱ្យស្រណោះអាណិតយ៉ាងខ្លោចចិត្តនូវវីរភាពតស៊ូប្ដូរជីវិតដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនខ្មែរយើង រហូតដល់ពិការ និងរងរបួស។ យើងខ្ញុំសូមប្តេជ្ញាបន្តនូវស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ និងដឹងគុណ ចំពោះវីរភាពរបស់កងទ័ព ដែលបានពលីសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិកម្ពុជាយើង។