ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់វគ្គទី១ លើសេចក្តីព្រាងនៃរបាយការណ៍ស្រាវជ្រាវចំនួន ១ របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្ដុះបណ្ដាល (APM) នារសៀលថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥។
សិក្ខាសាលានេះផ្តួចផ្តើមឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល APM ធ្វើបទបង្ហាញពីលទ្ធផលបឋមនៃរបាយការណ៍ស្រាវជ្រាវលើប្រធានបទស្តីពី “Agri-food Processing SMEs in Cambodia: Challenges, Opportunities, and Policy Directions” សំដៅផ្ដល់មតិស្ថាបនា និងប្រមូលធាតុចូលបន្ថែម ដើម្បីឱ្យរបាយការណ៍នេះសម្រេចបានគុណភាពកាន់តែប្រសើរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសបញ្ជាក់ពីតួនាទីរបស់មជ្ឈមណ្ឌល APM និងសារៈសំខាន់នៃការស្រាវជ្រាវ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកដល់ការសម្រេចបាននូវទស្សនវិស័យរបស់ធនាគារ ARDB ក្នុងការលើកស្ទួយជីវភាពរបស់កសិករ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមទាំង វិស័យបៃតង ផងដែរ។



















