ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
គម្រោងមានគោលដៅពង្រីកការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅខេត្តនានាដែលមានសក្តានុពល។
គម្រោងនេះ បានអនុវត្តតាំងពីឆ្នាំ២០២៣ ដោយផ្ដោតលើការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេសការអនុវត្តកសិកម្មល្អ (GAP) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពដល់អ្នកទទួលទាន។
គម្រោងលើកទឺកចិត្តដល់កសិករក្រីក្រ និងពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ចូលរួមក្នុងគម្រោង ដោយពួកគាត់នឹងទទួលបានការបណ្តុះបណ្តាលលើបច្ចេកទេសដាំបន្លែសុវត្ថិភាពមុននឹងចូលរួមដាំបន្លៃក្នុងគម្រោង ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅដោយឥតគិតថ្លៃ។
នៅក្នុងខែមករា ឆ្នាំ២០២៦ នេះ កសិករក្នុងគម្រោងបានប្រមូលផលបន្លែចំនួន ៨ មុខ រួមមាន៖ ខាត់ណាដើម ស្ពៃឆៃស៊ីម ប៉េងប៉ោះឈើរីក្រហម ផ្កាខាត់ណាលឿង ស្ពៃពួយឡេង ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ និងស្ពៃតឿ ក្នុងបរិមាណសរុបចំនួន ៩ ៤៧១ គីឡូក្រាម កើនឡើងចំនួន ៥៤% ស្មើនឹង ៣ ៣២២ គីឡូក្រាម ធៀបនឹងខែធ្នូ ឆ្នាំ២០២៥។









