រដ្ឋធានីប៉េកាំង, ប្រទេសចិន៖ ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ឧកញ៉ា ឡាយ ឈួនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរដ្ឋ COFCO Grains នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន នារដ្ឋធានីប៉េកាំង សាធារណៈប្រជាមានិតចិន។
កិច្ចពិភាក្សាបានផ្តោតសំខាន់លេីការពង្រឹង សមត្ថភាពផលិត និងគុណភាពស្រូវអង្ករកម្ពុជាសម្រាប់នាំចេញ ដោយក្នុងនោះធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើជាតួអង្គរួមគ្នាក្នុងការសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធផ្សេងទៀតលេីកិច្ចការនេះ។ ធនាគារARDB នឹងសម្របសម្រួលក្នុងការទូទាត់ជាអន្តរជាតិ(Cross Border Settlement) ដេីម្បីសម្រួលលំហូរសាច់ប្រាក់ក្នុងការធ្វើពាណិជ្ជកម្មនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន COFCO Grains បានសន្យាជួយផ្សព្វផ្សាយ និងបន្តជម្រុញការនាំចូលអង្ករកម្ពុជាមកកាន់ទីផ្សារប្រទេសចិនផងដែរ៕

















